ព័ត៌មានជាតិ

សមត្ថកិច្ចកំពុងតាមចាប់ខ្លួន លោកចៅសង្កាត់ ព្រែកប្រា!

ភ្នំពេញ: លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា កំពុងត្រូវបានកម្លាំងសមត្ថកិច្ចតាមប្រមាញ់ចាប់ខ្លួនយកមកផ្តន្ទាទោស ក្រោយពីលោកចៅសង្កាត់ បានបង្ករបួសស្នាមវាយទៅលើសន្តិសុខរបស់បុរីសម្បត្តិមានហេង៣ ម្នាក់ បណ្តាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រួសារបញ្ជូនមកព្យាបាល នៅមន្ទីរពេទ្យខ្មែរមិត្តភាពសូវៀត ប៉ុន្តែដោយសារតែអាការ:របស់ជនរងគ្រោះមិនបានប្រសើរឡើង ទើបក្រុមគ្រួសារសម្រេចចិត្តបញ្ជូនជនរងគ្រោះទៅព្យាបាលបន្តនៅឯប្រទេសវៀតណាម។

គួររំឭកផងដែរថា កាលពីវេលាម៉ោង ៥និង៤៥នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅខាងមុខស្នាក់ការលក់ផ្ទះល្វែងរបស់បុរី សម្បត្តិមានហេង៣ ដែលមានទីតាំងនៅតាមបណ្តោយផ្លូវជាតិលេខ១ ទល់មុខវិទ្យាល័យច្បារអំពៅ ភូមិបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីអំពើហិង្សាមួយកើតឡើង ដែលបង្កឡើងដោយលោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា បានផ្ទុះហិង្សាទះកំផ្លៀងមួយដៃយ៉ាងធ្ងន់ទៅលើបុរសម្នាក់ជាសន្តិសុខរបស់បុរី សម្បត្តិមានហេង៣ ចំសៀតផ្កា បណ្តាលឲ្យដួលដាច់ផ្ងារបោកក្បាលទៅលើជញ្ជាំងថ្មប៉ុស្តិ៍យាមដួលដេកទៅលើដីសន្លប់ស្តូកស្តឹងបាត់ស្មារតី រងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងជម្លោះពាក្យសម្តីបន្តិចបន្តួច រឿងចតរថយន្តបាំងច្រកផ្លូវចូលបុរីខាងលើនោះ។

ប្រភពព័ត៌មានពីនគរបាលខណ្ឌច្បារអំពៅបានប្រាប់ឱ្យដឹងថា បុរសរងគ្រោះមានឈ្មោះ មាស ដុំដី អាយុ១៩ឆ្នាំ មុខរបរជាសន្តិសុខយាម ស្នាក់នៅក្នុងស្នាក់ការលក់ផ្ទះល្វែងបុរីសម្បត្តិមានហេង៣ខាងលើ មានស្រុកកំណើតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង។ បុរសជាជនដៃដល់មានឈ្មោះ ហួរ ហួត ជាចៅសង្កាត់ព្រែកប្រា មានទីលំនៅខាងមុខច្រកចូល បុរីសម្បត្តិមានហេង ៣ ផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅ។

បើយោងតាមប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ លោក ហួរ ហួត បានបើករថយន្តមួយគ្រឿង(មិនស្គាល់ម៉ាក)ក្នុងទិសដៅពីលោចទៅកើតក្នុងទិសដៅបញ្ច្រាសទិសចូលទៅផ្ទះរបស់ខ្លួនដោយមានបំណងចតនៅលើផ្លូវខាងមុខផ្ទះរបស់លោក (នៅក្បែរកន្លែងកើតហេតុ)ដោយធ្វើឲ្យបាំងច្រកចូលក្នុងស្នាក់ការលក់ផ្ទះល្វែងបុរីខាងលើ កម្លាំងសន្តិសុខម្នាក់ដែលយាមនៅទីនោះក៏បានដើរទៅប្រាប់លោកឲ្យចតរកកន្លែងចតរថយន្តឲ្យស្រួលជៀសវាងការបាំងផ្លូវ និងមេស្តីឲ្យផងដែរ។ ក្រោយពេលដែលលោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា បានចតរថយន្តនៅខាងមុខផ្ទះរបស់ខ្លួនទៅតាមការណែនាំរបស់សន្តិសុខរូបនោះរួចហើយ លោកក៏បានចុះពីលើរថយន្ត ដើរសំដៅមកកាន់ប៉ុស្តិ៍យាមស្នាក់ការបុរីខាងលើ។ ពេលនោះលោកក៏បានទៅសួរនាំសន្តិសុខរូបនោះនិងប្រាប់ថា «រូបលោកជាចៅសង្កាត់ព្រែកប្រា»ហើយសន្តិសុខរូបនោះក៏បានលត់ជង្គង់សុំទោសផងដែរ ស្របពេលនោះបុរសជាសន្តិសុខរងគ្រោះបានជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់មកដល់ និងបានចុះមកសួរថា «មានការអ្វី?» គ្រាន់តែនិងយាយមិនទាន់ផុតពីមាត់ផងក៏ស្រាប់តែលោក ហួរ ហួត ទះកំផ្លៀងមួយដៃយ៉ាងធ្ងន់ចំសៀតថ្កាបណ្តាលឲ្យរូបគេដួលដាច់ផ្ងាបោកក្បាលផ្ទុបទៅនឹងជញ្ជាំងប៉ុស្តិ៍យាមសន្លប់បាត់ស្មារតីឈឹងតែម្តង៕

ករណីហិង្សា

ករណីហិង្សា

ករណីហិង្សា

ករណីហិង្សា

ករណីហិង្សា

ករណីហិង្សា

ករណីហិង្សា

មតិយោបល់