ព័ត៌មានជាតិ

កម្លាំង​នគរបាល​​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ក្រុម​ចោរប្លន់​ម៉ូតូ ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​ក្រោយ​ចាប់ខ្លួន​បក្ខ ​២​នាក់

​ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កម្លាំង​នគរបាល​ព្រហ្មទណ្ឌ ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ចាប់ខ្លួន​ជនសង្ស័យ​នៅ​សេសសល់​ក្នុង​សកម្មភាព​អំពើ​ប្លន់​ម៉ូតូ​នៅ​ខណ្ឌ​ពោធិ៍​សែន​ ០៩​នាក់​ទៀត​ បន្ទាប់​ពី​ជនសង្ស័យ​០២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​បាន​ ខណៈ​ពួក​គេ​រត់គេច​ទៅ​ដល់​ខេត្តកំពត​ ។​

​ជនសង្ស័យ​០២​នាក់​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​នៅ​ថ្ងៃ​ទី​១៥​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ កសាង​សំណុំរឿង​ចាប់​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​រួច​ហើយ​ ក្រោយ​ពី​បង្ក្រាប​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១១​ ខែវិច្ឆិកា​ កន្លង​ទៅ​នេះ​ស្ថិត​នៅ​កន្លែង​កម្សាន្ត​មួយ​កន្លែង​ទំនប់​ប្រទាក់ក្រឡា​ ភូមិ​កូន​សត្វ​ ឃុំ​កូន​សត្វ​ ស្រុក​ទឹកឈូ​ ខេត្តកំពត​។​

បើ​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ទាំង ​០២​នាក់​មានឈ្មោះ​ ចាន់​ ថន​ ភេទ​ប្រុស​ អាយុ ​១៧​ឆ្នាំ​ និង​ឈ្មោះ​ អៀ​ គី​ម​ស្រ៊​ន​ ភេទ​ប្រុស​ អាយុ​ ១៨​ឆ្នាំ​ និង​ដកហូត​វត្ថុ​តាង​ម៉ូតូ​ដែល​ធ្វើ​សកម្មភាព​ប្លន់​ចំនួន ​០២​គ្រឿង​ ។​

​សូម​រំលឹក​ថា​ កាលពី​យប់​ថ្ងៃ​ទី​០៨​ ខែវិច្ឆិកា​ ឆ្នាំ​២០២០​ មាន​ក្រុម​យុវជន​០១​ក្រុម​មាន​គ្នា​១១​នាក់​ជិះ​ម៉ូតូ​០៥​គ្រឿង​បាន​ធ្វើ​សកម្មភាព​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ក្រុម​យុវជន​មួយ​ក្រុម​ទៀត​មាន​គ្នា​ប្រមាណ​០៧​នាក់​ ចត​ម៉ូតូ​ចោល​កំពុង​អង្គុយ​លេង​ខាង​មុខ​ម៉ាត​ PM​ ផ្លូវ​លេខ​២០០៤​ ភូមិ​ត្រពាំង​ល្វា​២​ សង្កាត់​កា​កាប​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ នៅ​ពេល​នោះ​ក្រុម​យុវជន​រង​គ្រោះ​ក៏​បាន​រត់​ចោល​ម៉ូតូ​ ហើយ​ត្រូវ​បាន​បក្ខពួក​ក្រុម​ជនសង្ស័យ​ប្លន់​យក​ម៉ូតូ​០១​គ្រឿង​របស់​ក្រុម​យុវជន​រង​គ្រោះ​ម៉ាក​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០២០​ ជិះ​គេចខ្លួន​បាត់​។​

​របាយការណ៍​ដដែល​ឱ្យ​ដឹង​ទៀត​ថា​ អំពើ​ប្លន់​ម៉ូតូ​ខាងលើ​មុន​ដំបូង​ផ្តើម​ចេញ​រវាង​ក្រុម​ជន​រង​គ្រោះ​ និង​ក្រុម​ជនសង្ស័យ​ជិះ​ម៉ូតូ​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក​ ។​ បន្ទាប់​មក​ ក្រុម​ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ឃើញ​ក្រុម​ជន​រង​គ្រោះ​អង្គុយ​ខាង​មុខ​ម៉ាត​ក៏​យក​ដុំ​ថ្ម​គប់​ក្រុម​ជន​រង​គ្រោះ​ ហើយ​ប្លន់​យក​ម៉ូតូ​០១​គ្រឿង​គេច​បាត់​ ។​
​មុខសញ្ញា​ជនសង្ស័យ​ដែល​នៅ​សេសសល់​កំពុង​រត់គេច​ខ្លួន​ ត្រូវ​បាន​សមត្ថកិច្ច​កំណត់​បាន​រួច​នោះ​ហើយ​ និង​បន្ត​ស្វែងរក​ចាប់ខ្លួន​ដើម្បី​យក​មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​ ៕

មតិយោបល់