ព័ត៌មានជាតិ

(ប្រហែសបាត់ ប្រយ័ត្នគង់) ទុកម៉ូតូកន្លែងធ្វើការមិនដកសោ ចោរឆ្លៀតឱកាសជិះចេញ ត្រូវប៉ូលិសក្របួចជាប់

កណ្តាលៈ ម្ចាស់ម៉ូតូមិនប្រយ័ត្ន ខណៈដែលទុកម៉ូតូចោលភ្លេចដកសោ ចោរឃើញឆ្លៀតឱកាសជិះចេញ តែត្រូវម្ចាស់ឃើញ ក៏រាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់ខ្លួនបានភ្លាមៗតែម្តង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះល្វែងកំពុងសាងសង់ ស្ថិតនៅក្នុងភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានគ្នា២នាក់ ទី១ឈ្មោះ ប៊ូ ចាន់សុធី ហៅកុយ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិព្រែកឫស្សី សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួនបាត់) និងទី២ឈ្មោះអ៊ុង សុខរ៉ន ភេទប្រុស អាយុ៣២ឆ្នាំ ទីលំនៅភូមិព្រែកហូរលិច សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរបើកឡានដឹកដី (ឃាត់ខ្លួនបាន)។ ចំណែកជនរងគ្រោះមានឈ្មោះហន ហ៊ី ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងភ្លើង មានស្រុកកំណើត ភូមិត្រប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាមឃ។ រីឯវត្ថុតាង ដកហូតបានម៉ូតូ១គ្រឿងម៉ាក HONDA Cub90 ពណ៌ទឹកប៊ិចគ្មានស្លាកលេខ។ សម្ភារៈបាត់បង់ ស្លាកលេខម៉ូតូចំនួន១(លេខស្វាយរៀង1G-2807)។

លោកអធិការ បានបន្តថា នៅវេលាកើតហេតុ ជនរងគ្រោះបានទុកម៉ូតូនៅកន្លែងកើតហេតុខាងលើដែលជាកន្លែងធ្វើការ ដោយមិនបានចាក់សោកម៉ូតូទេ រួចដកកូនសោទុកក្នុងមួកសុវត្ថិភាពព្យួរជាប់នឹងម៉ូតូ រួចក៏បានចូលទៅក្នុងអាហារដ្ឋានហូបបាយ ភ្លាមនោះក៏ស្រាប់តែឃើញជនល្មើសឈ្មោះប៊ូ ចាន់សុធី ហៅ កុយ បានដើរទៅយកកូនសោម៉ូតូ ដែលជនរងគ្រោះទុកក្នុងមួកសុវត្ថិភាពមកចាក់ជិះចេញពីចំណុចចកើតហេតុ ឡើងមកទិសខាងកើតក៏ត្រូវបាន ឈ្មោះ ថាច់ សំណាង ហៅ បិត បានឃើញជនល្មើសជិះម៉ូតូកាត់មុខផ្ទះក៏បានសន្និដ្ឋានថា ជាចោរ ពីព្រោះមុនកើតហេតុ ជនល្មើសបានដើរកាត់មុខផ្ទះគាត់ គាត់ក៏បានស្រែកប្រាប់ជនរងគ្រោះ
រត់ដេញតាម ប៉ុន្តែតាមមិនទាន់ ពេលនោះជនរងគ្រោះក៏បានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រែកឫស្សីតែម្ដង។ ក្រោយពីបានដាក់ពាក្យបណ្តឹងរួចហើយ ជនរង
គ្រោះក៏បាននាំបងប្អូនតាមស្វែងរកជនសង្ស័យនៅម្តុំវាលខ្សាច់ សង្កាត់ចាក់អង្រែលើ ក៏ប្រទះម៉ូតូរបស់ខ្លួនត្រូវបានជនសង្ស័យឈ្មោះ អ៊ុង សុខរ៉ន ជិះ ក៏បានជិះដេញតាមរហូតដល់ចំណុចផ្សារឃ្លាំងរំសេវ រាជធានីភ្មំពេញ ទើបប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់៣ ធ្វើការឃាត់រួមទាំងវត្ថុតាង រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនល្មើស បានឆ្លើយសារភាពថា ខ្លួនមិនបានធ្វើសកម្មភាពលួចយកម៉ូតូ របស់ជនរងគ្រោះនោះទេ តែត្រូវជនសង្ស័យឈ្មោះកុយជាអ្នកយកមកឲ្យខ្លួនយកទៅបញ្ចាំ ហើយក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនតែម្តង។ ចំពោះគ្រឿងញៀនវិញខ្លួនធ្លាប់់ប្រើប្រាស់ពីមុនមក តែឥឡូវឈប់ប្រើយូរហើយ ក្រោយពេលសាកសួររួចជនសង្ស័យ និងវត្ថុតាងដកហូតខាងលើត្រូវបានសមត្ថកិច្ចកសាងសុំណុំរឿងចាត់ការតាមនីតិវិធី៕

លួចម៉ូតូលួចម៉ូតូ

មតិយោបល់