ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៣នាក់ ពីបទប្រើប្រាស់ និងជួញដូរគ្រឿងញៀន

សៀមរាប: ជនសង្ស័យចំនួន៣នាក់ ត្រូវបានកម្លាំងការិយាល័យនគរបាលការពារអន្តរាគមន៍ខេត្ត និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម ធ្វើការឃាត់ខ្លួន រួមនឹងវត្ថុតាងគ្រឿងញៀនជាប់ខ្លួន កាលពីវេលាម៉ោង១១ និង៣០ នាទីយប់ឈានចូលថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប និងបានប្រគល់ខ្លួនជនសង្ស័យទៅឲ្យកម្លាំងការិយាល័យនគរបាលប្រឆាំងគ្រឿងញៀនធ្វើការសាកសួរបន្ត។

តាមប្រភពពីកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចនគរបាលឃាត់ខ្លួនទី១មានឈ្មោះ ញឹក ប៊ុនហាក់ ហៅសោម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរលក់ចាប់ហួយ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (ជួញដូរ)។ទី២ឈ្មោះ យ៉ាន់ បូរី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរគ្មាន រស់នៅភូមិលាងដៃ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប (ប្រើប្រាស់)។និងជនសង្ស័យ៣ឈ្មោះ ហៃ សុវណ្ណារិទ្ធ ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ ស្នាក់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប (ប្រើប្រាស់)។

ក្នុងនោះដែរវត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបាន រួមមានថ្នាំញៀនប្រភេទម្សៅ ក្រាមពណ៌ស ម៉ាទឹកកក ចំនួន១កញ្ចប់ មានទម្ងន់២.៥ក្រាម, ទូរសព្ទដៃ៣គ្រឿង និងម៉ូតូ១គ្រឿងដែលជនសង្ស័យជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស។

ប្រភពដដែល បន្តថា ជនសង្ស័យនៅពេលដែលសមត្ថកិច្ចនគរបាលជំនាញធ្វើការសាកសួរបានឆ្លើយសារភាពថា ពួកគេពិតជាបានប្រើប្រាស់ និងជួញដូរពិតប្រាកដមែនហើយបច្ចុប្បន្ន ជនសង្ស័យទាំង៣នាក់ និងវត្ថុ តាង កម្លាំងសមត្ថកិច្ចនគរបាលកំពុងធ្វើការសាកសួរបន្ថែម និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះ ៕

គ្រឿងញៀន

គ្រឿងញៀន

គ្រឿងញៀន

មតិយោបល់