រតនគិរីៈ កម្លាំងនគរបាលស្រុកលំផាត់ បើកប្រតិបត្តិការណ៍ស្ទាក់ចាប់រថយន្តដឹកឈើប្រណិត១គ្រឿង ចំណែកម្ចាស់ឈើរត់គេចខ្លួនបាត់ស្រមោល ខណៈកំពុងធ្វើដំណើរតាមដងផ្លូវ ។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៩និង២០នាទីយប់ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦នេះ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៧៦ ត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
លោកវរៈសេនីយ៍ត្រី ថេង ចន្ទ័ធី អធិការនគរបាលស្រុកលំផាត់បានប្រាប់ឲ្យដឹងថា រថយន្តដឹកឈើប្រណិតនេះម៉ាកតាកូម៉ា ពណ៌ទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ2Q-6975 ដឹកឈើប្រណិតប្រភេទធ្នង់ចំនួន១១ដុំ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី ឆ្ពោះមកខេត្តរតនគិរី។
លោកបានបន្តទៀតថា រថយន្តនិងវត្ថុតាងខាងលើនេះ ត្រូវបានសមត្ថកិច្ចនាំយកមករក្សាទុកទាំងយប់នៅអធិការរដ្ឋាននគរបាលស្រុកលំផាត់ ហើយនៅព្រឹកថ្ងៃទី៥ ខែតុលានេះ សមត្ថកិច្ចនគរបាលបានធ្វើសំណុំបែបបទ ប្រគល់ទៅឲ្យជំនាញរដ្ឋបាលព្រៃឈើខណ្ឌចាត់ការបន្តតាមនិតិវិធីច្បាប់ហើយ ៕
មតិយោបល់