ភ្នំពេញៈ កាលពីថ្ងៃទី២៦ តុលា តារាចម្រៀងសុគន្ធ និសា ដែលត្រូវគេស្គាល់ថាជាទូតសុឆន្ទៈរបស់អង្គការស៊ីប៉ា បានចំណាយច្រើនជាងមួយម៉ោង នៅក្នុងមន្ទីរពេទ្យកុមារជាតិ ដើម្បីចុះសួរសុខទុក្ខក្មេងជាអ្នកជំងឺ និងចុះទៅផ្សព្វផ្សាយឲ្យក្មេងទាំងនោះងាកមកការអានក្នុងពេលដែលពួកគេសម្រាកព្យាបាលជំងឺ ដើម្បីបង្កើនចំណេះដឹង និងបំបាត់ស្រ្តេស។
កញ្ញាក៏បានលេងហ្គេមសប្បាយៗជាមួយក្មេង និងបានចំណាយពេលថតរូបជាមួយអ្នកជំងឺ និងម្ដាយក្មេងៗដើម្បីទុកជាអនុស្សាវរីយ៍ផងដែរ។ អ្វីដែលគេកត់សម្គាល់គឺនាងបានចំណាយពេលអង្គុយអានរឿងនិទានឲ្យក្មេងៗស្ដាប់ ដើម្បីជំរុញឲ្យក្រុមក្មេងៗដែលសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យកុមារជាតិ ស្រឡាញ់ការអាន និងចេះចំណាយពេលជាមួយការអានសៀវភៅក្នុងពេលពួកគេមិនទាន់បានចេញទៅផ្ទះ។
សកម្មភាពអានរឿងនិទានរបស់នាង ត្រូវបានគេចាត់ទុកថាជាសកម្មភាពកម្រ ជាពិសេសចំពោះសកម្មភាពអង្គុយអានសៀវភៅឲ្យក្មេងៗជាអ្នកជំងឺបានស្ដាប់បែបនេះ។ សុគន្ធ និសា បញ្ជាក់ថានាងនឹងចំណាយពេលធ្វើកិច្ចការសង្គមបែបនេះ ដើម្បីជំរុញឲ្យក្មេង និងមហាជនស្គាល់ពីតម្លៃការអាន ដោយសារតែសៀវភៅដែលបានដាក់តាំងក្នុងបណ្ណាល័យរបស់មន្ទីរពេទ្យកុមារជាតិគឺមានសម្រាប់មនុស្សគ្រប់វ័យ។
តោះទស្សនាពីសកម្មភាពអានរឿងនិទានរបស់នាងទាំងអស់គ្នា៖
https://youtu.be/b-D0CxOu6QM




















មតិយោបល់