ភ្នំពេញៈ រថយន្តហ៊ីយ៉ាន់ដាយ ដឹកកម្មករមួយគ្រឿងបានបួងចង្កូតក្រឡាប់អូសជិត ៤០ម៉ែត្រ បណ្ដាលឲ្យកម្មករ៨០នាក់ ដែលជិះលើរថយន្តមាន៦២នាក់ របួសធ្ងន់ស្រាល។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង៦និង២០នាទី ព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខគណៈបក្សហ៊្វុនស៊ិនប៉ិចចាស់ ក្រុម២៣ ភូមិក្ដីចាស់ សង្កាត់បាក់ខែងលើ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តហ៊ីយ៉ាន់ដាយ មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-5727 ចំណុះ ២តោនកន្លះ បានដឹកកម្មករប្រុស-ស្រីចំនួន ៨០នាក់ ចេញពីភូមិថ្មី ឃុំស្វាយរំពារ ភូមិ ស្រុកមុខកំពូល ខេត្តកណ្ដាល តាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីជើងទៅត្បូង ឆ្ពោះទៅកាន់រោងចក្រ យូប៊ីអេស ដែលមានទីតាំងនៅស្ពានលេខ៦ ផ្លូវជាតិលេខ៦ ភូមិបាក់ខែងក្រោម សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។ លុះពេលជិះមកដល់ចំណុចកើតហេតុ ក៏វ៉ាម៉ូតូកង់បីខាងឆ្វេងដៃ រួចក៏ជ្រុលទៅរកបុកសួន។ ភ្លាមនោះ អ្នកបើកបររថយន្តក៏បានបួងចង្កូតមកស្ដាំវិញបណ្ដាលឲ្យក្រឡាប់រថយន្តអូសមកខាងស្ដាំដៃចម្ងាយជិត ៤០ម៉ែត្រ បណ្ដាលឲ្យកម្មករ២នាក់របួសធ្ងន់ និង៦០នាក់ទៀតរងរបួសស្រាល ត្រូវបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យកាល់ម៉ែត។ ចំណែកអ្នកបើកបររថយន្តបានរត់គេចខ្លួនបាត់ស្រមោល ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ក្រោយពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញ បានចុះមកធ្វើការពិនិត្យនិងវាស់វែង ដោយបានស្ទូចយករថយន្តនេះយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់ ៕
https://youtu.be/zBbb63mnx2E
មតិយោបល់