ព័ត៌មានជាតិ

ស្រេកឃ្លានតណ្ហា ចាប់ម្តាយបង្កើត រំលោភរយៈពេល៦ឆ្នាំ

ភ្នំពេញៈ បុរសម្នាក់ ព្រោះតែស្រេកឃ្លានតណ្ហា បានចាប់ម្តាយបង្កើតរបស់ខ្លួនរំលោភរយៈពេលជាច្រើនឆ្នាំ និងវាយធ្វើបាបម្តាយរហូតទ្រាំលែងបាន ទើបសម្រេចចិត្តប្តឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួន។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ ដែលនៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ប្រភពបានឲ្យដឹងថា កូនប្រុសដែលចាប់រំលោភម្តាយខ្លួនឯងមានឈ្មោះ យឹម ហ៊ួត អាយុ ៤៧ឆ្នាំ មុខរបរ នៅផ្ទះ ដោយប្រពន្ធរត់ចោលរយៈពេលជាង ១ឆ្នាំមកហើយ និងមានកូនប្រុសស្រី២នាក់។ ចំណែកឯម្តាយរងគ្រោះឈ្មោះ លី ឈុំ អាយុ៦៩ឆ្នាំ មុខរបរនៅផ្ទះ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះជាស្ត្រីមេម៉ាយមានកូនប្រុស ៣នាក់ កូនទី៣ បានស្លាប់បាត់ទៅហើយនៅសល់ប្រុស២នាក់ ហើយជនសង្ស័យជាកូនទី២។

សមត្ថកិច្ចបានបន្តថា ជនសង្ស័យបានធ្វើសកម្មភាពវាយគំរាមបំផ្លិចបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ និងរំលោភម្តាយជាច្រើនដងអស់រយៈពេល ៦ឆ្នាំមកហើយ ដោយសារតែជនសង្ស័យជាមនុស្សប្រើប្រាស់នូវសារធាតុញៀន ទើបរូបគេហ៊ានប្រព្រឹត្តិទង្វើបែបនេះ។

សមត្ថកិច្ចបានបន្តទៀតថា នៅមុនកើតហេតុ ដោយសារតែជនសង្ស័យបានរករឿងវាយធ្វើបាប និងទារលុយយកទៅទិញថ្នាំញៀនប្រើប្រាស់ពីម្តាយជាច្រើនឆ្នាំពេក ទើបបងប្រុសបង្កើតរបស់ជនសង្ស័យបានទៅយកម្តាយមកស្នាក់នៅផ្ទះរបស់ខ្លួន ដែលនៅទល់មុខគ្នា ស្រាប់តែជនសង្ស័យបានខឹងយ៉ាងខ្លាំង ហើយបានមកជេរប្រមាថមកលើម្តាយរបស់ខ្លួនយ៉ាងខ្លាំង ធ្វើឲ្យបងប្រុសបង្កើតទ្រាំមិនលែងបានក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចប៉ុស្តិ៍នគរបាលគីឡូម៉ែត្រលេខ៦ ឲ្យចាប់ខ្លួនតែម្តង។

ក្រោយពីសមត្ថកិច្ចសាកសួររួចមក ជនសង្ស័យខាងលើបានសារភាពថា ខ្លួនបានចាប់រំលោភម្តាយរបស់ខ្លួនពិតប្រាកដមែន ដោយបានរំលោភរយៈពេល ៦ឆ្នាំ ហើយរូបគេបានប្រើប្រាស់នៅសារធាតុញៀនរយៈពេល ១០ឆ្នាំមកហើយ នេះហើយ គឺជាលទ្ធផលដោយសារតែប្រើប្រាស់គ្រឿងញៀន ទើបនាំឲ្យជនសង្ស័យខាងលើហ៊ានប្រព្រឹត្តិបែបនេះ។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីបញ្ជូនទៅកាន់តុលាការ ចាត់ការតាមនីតិវិធីច្បាប់៕

https://youtu.be/seSyxc5EAxo

photo_2016-10-27_07-16-38photo_2016-10-27_07-16-39photo_2016-10-27_07-16-41photo_2016-10-27_07-16-43photo_2016-10-27_07-16-44

មតិយោបល់