កំពង់ចាមៈ បុរសចំណាស់វ័យ៥៤ឆ្នាំម្នាក់ បានស្លាប់ បន្ទាប់ពីទៅនេសាទជាមួយកូនស្រី ត្រូវភ្លៀងខ្យល់បក់បោកទូកនេសាទរបស់គាត់លិចលង់ កាលវេលាម៉ោង៣និង៥៥នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចបឹងស្យា ក្នុងទឹកដីភូមិសាស្ត្រ ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
សមត្ថកិច្ចបានឲ្យដឹងថា សាកសពជនរងគ្រោះឈ្មោះ មុត ប៊ន់ ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាឪពុក និងកូនឈ្មោះ ប៊ន់ ស្រីនិច្ច ភេទស្រី អាយុ១២ឆ្នាំ មានទីលំនៅភូមិស្យាបឹងវែង ឃុំ បារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម បានជិះទូកទៅរាយមង២នាក់ឪពុកកូន ហើយក៏ត្រូវបានភ្លៀងខ្យល់បក់មកបណ្តាលឲ្យលិចទូក រីឯឪពុកឈ្មោះមុត ប៊ន់ ក៏បានបាត់ខ្លួនក្នុងទឹកបឹង ចំណែកកូនស្រីឈ្មោះប៊ន់ ស្រីនិច្ច បានហែលទឹក រកគេជួយដោយមានប៊ីដុង១ជាប់នឹងខ្លួន។ ភ្លាមនោះ ក៏មានប្រជាពលរដ្ឋម្នាក់ឈ្មោះឈាង កំសត់ ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ដែលកំពុងតែអុំទូកនៅ ចំណុចក្បែរនោះ ក៏បានមកជួយស្រង់នាងចេញពីទឹកបានទាន់ពេលវេលានិងក៏នាំនាងមកផ្ទះ។
បន្ទាប់ពីទទួលបានព័ត៌មានពីពលរដ្ឋភ្លាម កម្លាំងប៉ុស្តិ៍បារាយណ៍ រួមជាមួយប្រជាពលរដ្ឋបានស្វែងរករហូតដល់ម៉ោង៧និង៥៥នាទី ព្រឹកថ្ងៃទី២៧ ខែឆ្នាំដដែល ទើបរកសាកសពនៅចំណុចបឹងអន្លង់តាអ៊ាង ក្រោយភូមិព្រែកឪជ្រឹង(ក)ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។
បច្ចុប្បន្ន សពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់