ព័ត៌មានជាតិ

ព្រះមហាក្សត្រព្រះរាជទានគ្រឿងឥស្សរិយយសដល់ក្រុមវេជ្ជបណ្ឌិតមន្ទីរពេទ្យSunrise

ភ្នំពេញៈ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសពព្រះរាជហរទ័យប្រោសព្រះរាជទាន គ្រឿងឥស្សរិយយស(មេដាយជាន់ខ្ពស់) ជូនដល់ក្រុមវេជ្ជបណ្ឌិតនៃមន្ទីរពេទ្យ Sunrise មកពីប្រទេសជប៉ុន ចំនួន៤រូបមាន ៖ លោកវេជ្ជបណ្ឌិត Noritada Morita លោកវេជ្ជបណ្ឌិត Shigenmi Kitahara លោកវេជ្ជបណ្ឌិត Fukuda Toshaki និងលោកវេជ្ជបណ្ឌិត Yoshifumi Hayashi តាមសំណើរសម្តេចនាយករដ្ឋមន្រ្តី។

ពិធីបំពាក់គ្រឿងឥស្សរិយយសនេះ ត្រូវបានធ្វើឡើងនៅវិមានសន្តិភាព នៃទីស្តីការគណរដ្ឋមន្រ្តី ក្រោមវត្តមានលោក យឹម ណុលឡា ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលខេត្តព្រះវិហារ និងលោក Noritada Morita ទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានមិត្តព្រះវិហារអន្តរជាតិ។

ក្នុងពិធីនោះ លោក ទេសរដ្ឋមន្រ្តី យឹម ណុលឡា បានមានប្រសាសន៍ថា” ការចូលរួមរបស់លោកវេជ្ជបណ្ឌិតគ្រប់រូបសម្រាប់វិស័យសុខាភិបាលនៅកម្ពុជាពិត ជាបានរួមចំណែកក្នុងការស្តារ និងអភិវឌ្ឍន៍ ប្រទេសកម្ពុជា ក្នុងដំណាក់កាលថ្មី គឺសន្តិភាព និងការអភិវឌ្ឍន៍ សុខភាពសាធារណៈ គឺជាគ្រឹះនៃការអភិវឌ្ឍទាំងឡាយ ដើម្បីភាពរុងរឿង និងរីកចម្រើន” ។

លោកមានជំនឿថា មន្ទីរពេទ្យ Sunrise ជប៉ុននឹងក្លាយទីជាមន្ទីរពេទ្យគំរូមួយសម្រាប់ព្យាបាលប្រជាជនកម្ពុជា និងបម្រើសេវាដែលមានគុណភាពកម្រិតខ្ពស់។ ក្រៅពីចូលរួមថែទាំសុខភាពមន្ទីរពេទ្យនេះ នឹងក្លាយទៅជាមជ្ឈមណ្ឌលនាំការធានាសុខភាពសម្រាប់ធុរជនបរទេស ជាពិសេសជនជាតិជប៉ុន ដែលបាននិងកំពុងវិនិយោគ និងធ្វើទេសចរនៅកម្ពុជា៕

photo_2016-10-27_14-05-34photo_2016-10-27_14-05-30photo_2016-10-27_14-05-32photo_2016-10-27_14-05-33

មតិយោបល់