ព័ត៌មានជាតិ

ទណ្ឌិត សោម ឯក ត្រូវឃុំខ្លួនជាថ្មីនៅពន្ធនាគារព្រៃស ក្រោយរត់ចេញពីពន្ធនាគារ PJ

ភ្នំពេញៈ នៅព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃបាន បញ្ជូនទណ្ឌិតឈ្មោះ សោម ឯក ហៅ ជា គឹមហ៊ួន ទៅឃុំខ្លួននៅពន្ធនាគារព្រៃសវិញ ក្រោយទណ្ឌិតរូបនេះ ត្រូវបានកម្លាំងសមត្ថកិច្ចនៃនាយកដ្ឋានប្រឆាំងភេរវកម្ម និង នាយកដ្ឋានសន្តិសុខផ្ទៃក្នុង ក្រសួងមហាផ្ទៃ ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦នេះ នៅខេត្តសៀមរាប ក្រោយពីរត់គេចខ្លួនពីមន្ទីរពេទ្យខ្មែរ-សូវៀត កាលពីម៉ោង១១យប់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ គ្រាដែលរូបគេត្រូវបញ្ជូនទៅព្យាបាលជំងឺ។

សូមបញ្ជាក់ថា ទណ្ឌិតឈ្មោះ សោម ឯក ហៅ ជា គឹមហ៊ួន ជាយោធា បម្រើការងារនៅក្នុងក្រសួងការពារជាតិនៅអំឡុងឆ្នាំ១៩៧៩ ដល់ឆ្នាំ២០០៣។ ទណ្ឌិតឈ្មោះ សោម ឯក កាលពីឆ្នាំ២០១១ ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគារកំណត់ចំនួន ៤៦ ឆ្នាំ ពីបទ បង្កើតចលនាកងទ័ពក្បាលខ្លាដោយខុសច្បាប់ និងពីបទ បំផ្ទុះគ្រាប់ ធ្វើភារវកម្ម នៅមុខក្រសួងការពារជាតិ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០០៩។

បច្ចុប្បន្នសមត្ថកិច្ចក៏កំពុងតាមចាប់ខ្លួន ជនជាប់ឃុំម្នាក់ឈ្មោះ អ៊ុក សុភី ភេទប្រុស ជាប់ចោទពីបទ ឃាតកម្មដែលបានរត់គេច ខ្លួនពីពន្ធនាគាររាជធានីភ្នំពេញ PJ ដោយសុវត្ថិភាពកាលពីព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០១៦កន្លងមក ខណៈរូបគេត្រូវបានអនុញ្ញាត ឱ្យទៅធ្វើការនៅក្នុងផ្ទះបាយ ចំពេលដែលមន្ត្រីពន្ធនាគារ កំពុងតែប្រជុំជួរ ទើបរូបគេបានយកកាំជណ្តើឡើង តាមរបងខាងក្រោយរត់គេចខ្លួនតែម្តង៕

photo_2016-10-27_14-17-39photo_2016-10-27_14-17-38

មតិយោបល់