ព័ត៌មានជាតិ

ខឹងប្ដីមានស្រី បើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ ហើយរករឿងសមត្ថកិច្ចទៀត

ភ្នំពេញ: នារីម្នាក់ស្រវឹងស្រាជោកជាំបើករថយន្តបុកបង្គោលភ្លើងបំភ្លឺផ្លូវ ដែលនៅជាប់ប៉ុស្ដិ៍យាមកាមរបស់សមត្ថកិច្ច២៤ ម៉ោង ធ្វើឲ្យសមត្ថកិច្ចភ្នែកសព្រាត។

ហេតុការណ៍មួយនេះបានកើតឡើងកាលពីវេលាម៉ោង ៣និង០០នាទីយប់ថ្ងៃទី២៧ខែតុលា ឆ្នាំ ២០១៦ នៅចំណុចប៉ុស្ដិ៍២៤ម៉ោង តាមបណ្ដោយផ្លូវហាយណូយកែងផ្លូវឧកញ៉ា ម៉ុង ឫទ្ធី ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា នារីជាម្ចាស់រថយន្តមានឈ្មោះ ម៉ាន់ ចាន់នី អាយុ២៤ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅម្ដុំផ្សារដីហុយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ បើកបររថយន្តម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ២AA -5676។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីខាងលើ បើករថយន្តតាមបណ្ដោយផ្លូវឧកញា ម៉ុង ឫទ្ធី ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យបាក់ទ្រេត។ ចំណែករថយន្តខូចខាតផ្នែកខាងមុខទៅមុខលែងរួច សំណាងមិនបង្កគ្រោះដល់ម្ចាស់រថយន្ត និងអ្នកដទៃឡើយ។

នារីខាងលើបានរៀបរាប់ថា ដោយសារតែខឹងប្ដីលួចលាក់មានស្រី ហើយគាត់តាមទាន់ និងធ្វើឲ្យគាត់ខឹង ហើយបានទៅផឹកស្រារហូតស្រវឹង ទើបបើករថយន្តទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវ ដែលនៅជាប់ប៉ុស្ដិ៍សមត្ថកិច្ច២៤ម៉ោងបែបនេះ និងបុកប៉ុស្ដិ៍យាមរបស់សមត្ថកិច្ច ដែលកំពុងយាមកាម ធ្វើឲ្យសមត្ថកិច្ចភ័យព្រលឹងចុងសក់។

ក្រោយពេលកើតហេតុនារីខាងលើ បានព្យាយាមបើករថយន្តថយក្រោយបម្រុងរត់គេច តែត្រូវសមត្ថកិច្ចឃាត់ខ្លួន តែបែរជានាងបញ្ចេញចរិត ឫកពាមិនសមរម្យដាក់សមត្ថកិច្ចថែមទៀតផង។

ក្រោយមកនារីខាងលើ ត្រូវបានសមត្ថកិច្ចចរាចរណ៍ខណ្ឌសែនសុខធ្វើការឃាត់ខ្លួនយកទៅអធិការដ្ឋានខណ្ឌសែនសុខ ព្រមទាំងស្ទួចរថយន្តយកទៅរក្សាទុកផងដែរ៕

girl

photo_2016-10-27_16-45-27

photo_2016-10-27_16-45-29

photo_2016-10-27_16-45-31

មតិយោបល់