ព័ត៌មានជាតិ

ក្មេងស្រីម្នាក់រួចពីសេចក្ដីស្លាប់ តែឪពុកបានស្លាប់បាត់បង់ជីវិត ខណៈនាំគ្នាទៅរាយមង ត្រូវព្យុះភ្លៀងបោកលិចទូក

កំពង់ចាមៈ ក្មេងស្រីអាយុ១២ឆ្នាំម្នាក់បានរួមដំណើរជាមួយឪពុករបស់ខ្លួនទៅរាយមង តែគ្រោះអកុសលជួបនឹងព្យុះភ្លៀងបក់បោកបណ្ដាលឲ្យលិចទូក បុរសជាឪពុកត្រូវបានលង់ទឹកស្លាប់បាត់បង់ជីវិត ចំណែកកូនស្រីអោបប៊ីដុងហែលទឹកទៅរកគេឲ្យជួយសង្គ្រោះជីវិត ដែលហេតុការណ៍នេះបានកើតមានឡើងកាលពីវេលាម៉ោង៣និង៥៥នាទីល្ងាច ថ្ងៃទី២៦ តុលា ២០១៦ នៅចំណុចបឹងស្យា ស្ថិតក្នុងភូមិសាស្ត្រឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មុត ប៊ន់ ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាឪពុក និងកូនស្រីឈ្មោះ ប៊ន់ ស្រីនិច្ច អាយុ១២ឆ្នាំ មានទីលំនៅភូមិស្យាបឹងវែង ឃុំបារាយណ៍ ស្រុកស្រីសន្ធរ បានជិះទូកទៅរាយមងជាមួយគ្នា នៅចំណុចកើតហេតុ ហើយក៏ត្រូវបានភ្លៀងខ្យល់បក់បោកមកបណ្តាលឲ្យលិចទូក ហើយបុរសជាឪពុកក៏បានបាត់ខ្លួនក្នុងទឹកបឹង ចំណែកកូនស្រីបានហែលទឹក រកគេជួយដោយមានប៊ីដុងមួយជាប់នឹងខ្លួនហើយភ្លាមៗនោះក៏មានប្រជាពលរដ្ឋម្នាក់ ដែលកំពុងតែអ៊ុទូកនៅក្បែរកន្លែងកើតហេតុ ក៏បានមកជួយស្រង់នាងចេញពីទឹក បានទាន់ពេលវេលារួចក៏នាំនាងទៅផ្ទះ។

កម្លាំងនគរបាលប៉ុស្តិ៍បារាយណ៍ រួមជាមួយប្រជាពលរដ្ឋបានបន្តស្វែងរក រហូតដល់ម៉ោង៧និង៥៥នាទីព្រឹក ថ្ងៃទី២៧ តុលា ទើបបានរកឃើញសាកសពជនរងគ្រោះនៅចំណុចបឹងអន្លង់តាអ៊ាង ក្រោយភូមិព្រែកឪជ្រឹង(ក) ឃំុព្រែករំដេង ស្រុកស្រីសន្ធរ។ បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

photo_2016-10-27_20-23-59photo_2016-10-27_20-24-02photo_2016-10-27_20-24-05photo_2016-10-27_20-24-07photo_2016-10-27_20-24-09photo_2016-10-27_20-24-11

មតិយោបល់