ស្វាយរៀងៈ ភ្លៀងមួយមេធំបណ្តាលឲ្យផ្លូវជាច្រើនខ្សែនៅក្នុងស្រុកកំពង់រោទ៌ ដែលកំពុងខូចជារណ្តៅស្រាប់នោះបានបែកល្បាប់ រអិលយ៉ាងខ្លាំងធ្វើឲ្យរថយន្តដឹកកម្មករ-កម្មការិនីរោងចក្រ ទៅធ្វើការជាប់គាំងជាង ៦០គ្រឿង មិនអាចធ្វើចរាចរណ៍ទៅមុខបាន បណ្តាលឲ្យកម្មករកម្មការនីជាង១ពាន់នាក់ ខកខានមិនបានទៅធ្វើការរហូតមកទល់នឹងម៉ោង៨ និង១៥នាទី ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ។
ទាក់ទងនឹងបញ្ហានេះដែរ កម្មករ-កម្មការិនី បានរអ៊ូរទាំថា អាជ្ញាធរដូចជាមិនអើពើរសោះ មិនតែប៉ុណ្ណោះពួកគាត់ បានធ្វើការសំណូមពរ ឲ្យអាជ្ញាធរខេត្តជំរុញឲ្យមន្ទីរជំនាញ មកធ្វើការឈូសឆាយ ផ្លូវសម្រួលឲ្យប្រជាពលរដ្ឋបានធ្វើដំណើរបានស្រួលផង ជាពិសេសរថយន្តដឹក កម្មករ-កម្មការិនី ទៅធ្វើការឲ្យបានទាន់ពេលវេលា បើមិនដូច្នោះទេ ថៅកែររោងចក្រស្តីបន្ទាសហើយកាត់ប្រាក់ខែទៀតហើយ ដោយសារតែផ្លូវពិបាកការធ្វើដំណើរ ជាប់ផុងនិងរអិលខ្លាំងបែបនេះ។
បើតាមមន្ត្រីសាលាខេត្តម្នាក់បានឲ្យដឹងថា ពុំមែនមានតែស្រុកកំពង់រោទ៌មួយទេដែលផ្លូវខូចនោះ គឺផ្លូវជនបទជាច្រើនខ្សែក្នុងខេត្តស្វាយរៀងត្រូវស្រុតខូចខាតក៏ប៉ុន្តែអ្នកបើកបរគេបើកវាង និងបន្តឲ្យខូចផ្លូវផ្សេងថែមទៀត បើភ្លៀងនៅតែធ្លាក់បន្ត មិនអាចឲ្យមន្ទីរជំនាញទៅជួសជុលឬឈូសឆាយបាននោះទេ ។
លទ្ធផលចុងក្រោយ កម្មករ-កម្មការិនីចំនួនជាង១ពាន់នាក់ មកពីឃុំចំនួន០៦ក្នុងស្រុកកំពង់រោទ៌ គឺ ឃុំញរ ឃុំសំឡី ឃុំខ្សែត្រ ឃុំថ្នី ឃុំត្នោត និងឃុំស្វាយតាយាន និងឃុំច្រេស ស្រុកចន្ទ្រា ត្រូវបានបង្ខំចិត្តត្រឡប់ក្រោយទៅផ្ទះវិញដោយសារតែមិនអាចធ្វើដំណើរទៅធ្វើការកើត៕
https://youtu.be/Upb8tDO-4GU
មតិយោបល់