កំពង់ចាមៈ ជនសង្ស័យម្នាក់ដែលជាចោរលួចរថយន្តម៉ាកហាយឡែនឌ័រ១គ្រឿងមកពីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកចំការលើ សហការជាមួយម្ចាស់រថយន្ត ឃាត់ខ្លួនបាន ព្រមទាំងដកហូតបានរថយន្តមកវិញផងដែរ កាលពីវេលាម៉ោង៥និង២៥នាទីព្រឹក ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ នៅលើកំណាត់ផ្លូវលេខ៧១ ស្ថិតក្នុងភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ឯក ចាន់ ហោ នាយរងការិយាល័យកណ្តាលយុត្តធម៌បានឲ្យដឹងថា ដោយបុរសជាម្ចាស់រថយន្តស្រវឹង បើកទៅមុខមិនរួច កាលពីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅបែកចានក្នុងស្រុកអង្គស្នួលខេត្តកណ្តាល ក៏ត្រូវបានជនសង្ស័យជិះម៉ូតូ១គ្រឿងមកសួរនាំ ហើយម្ចាស់រថយន្តក៏បានពឹងពាក់ឲ្យជនសង្ស័យ ជូនទៅហាងម៉ាស្សា១កន្លែងដើម្បីរកសេវាកោសជប់។
ប្រភពបានបន្តថា ក្រោយពីទៅដល់ហាងម៉ាស្សា ជនសង្ស័យក៏បានសុំបើករថយន្តទៅទិញភេសជ្ជៈមួយភ្លែត ហើយក៏ទៅបាត់រហូតតែម្ដង ក្រោយពីដឹងថារថយន្តត្រូវបានគេលួចយកទៅបាត់ ក៏ទូរសព្ទទៅប្តឹងសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគម៍តាមរករថយន្ត គ្រាដែលដឹងថាជនសង្ស័យជិះឆ្ពោះមកកាន់ខេត្តកំពង់ចាម។ បន្ទាប់ពី ទទួលបានពាក្យបណ្តឹង សមត្ថកិច្ចតាមប្រមាញ់ឃាត់រថយន្ដ១គ្រឿង ម៉ាកហាយឡែនឌ័រ ពណ៌ទឹកប្រាក់ មានស្លាកលេខភ្នំពេញ 2AI-7843 និងឃាត់ខ្លួនជនសង្ស័យ២នាក់ ១ឈ្មោះទ្រី រិត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅផ្ទះជួលនៅរាជធានីភ្នំពេញ និងស្រីស្នេហ៍ម្នាក់ឈ្មោះអ៊ុល សុវណ្ណារី អាយុ៣៧ឆ្នាំ នៅភូមិ៤ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ ដោយឆែករកឃើញមានថ្នាំញៀន២កញ្ចប់តូច បន្ទះអាលុយមីញ៉ូមមួយចំនួន ទូរសព្ទចុចពិល១គ្រឿង កាតគ្រីម៉ូតូ២សន្លឹក ដែកកេស២ អត្តសញ្ញាណប័ណ្ណ១សន្លឹក សោឡាន២ សោម៉ូតូ២ និងលិខិតទិញ-លក់ម៉ូតូ១សន្លឹកផងដែរ ៕
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមជាមួយវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការខេត្តដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕




មតិយោបល់