រតនគិរីៈ ការដ្ឋានបូមខ្សាច់មួយកន្លែងស្ថិតនៅ ភូមិបានប៉ុង ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋក្នុងភូមិ នាំគ្នាផ្ដិតមេដៃ ចំនួន៣៣គ្រួសារ ប្ដឹងទៅតំណាងរាស្ត្រ សាលាខេត្ត ស្ដីពីផលប៉ះពាល់ដល់បរិស្ថាន និងរំខានដល់ពួកគាត់។
តាមការលើកឡើងពីប្រជាពលរដ្ឋនៅក្នុងភូមិខាងលើថា ការដ្ឋានបូមខ្សាច់ដែលមានទីតាំងក្នុងភូមិ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់ពួកគាត់ ដូចជា ពេលគេបូមខ្សាច់ និងពេលរថយន្តចូលដឹក ត្រូវម៉ាស៊ីនបំពងសម្លេង ធ្វើឲ្យរំខានដល់ពេលសម្រាករបស់ពួកគាត់ ធ្វើឲ្យបាក់ច្រាំងទន្លេ និងពេលបូមខ្សាច់ទឹកហូរចូលទន្លេល្អក់ទឹក នាំឲ្យពួកគាត់លំបាកក្នុងការប្រើប្រាស់ទឹកជាដើម។
ពាក់ព័ន្ធការប្រតិកម្មរបស់ប្រជាពលរដ្ឋ លើការដ្ឋានបូមខ្សាច់នេះ លោក មេង ហ៊ាន ជាម្ចាស់ការដ្ឋានបូមខ្សាច់ បានអះអាងថា លោកធ្វើអាជីវកម្មជាលក្ខណៈគ្រួសារ និងមានអាជ្ញាប័ណ្ណចេញពីក្រសួង ហើយលោកបានបំពេញកាតព្វកិច្ចជូនរដ្ឋរួចរាល់ហើយ ម្យ៉ាងវិញទៀត ការបោះទីតាំងក៏មានការឯកភាពពីជំនាញពាក់ព័ន្ធផងដែរ។
លោក ហ៊ុន ប៊ុនថាន ប្រធានមន្ទីររ៉ែ និងថាមពលខេត្តរតនគិរី បានឲ្យដឹងថា បញ្ហាខាងលើនេះ រូបលោកមិនបានដឹងនោះទេ បើសិនជាមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ហើយពួកគាត់ដាក់ពាក្យបណ្ដឹងដល់មន្ទីរ លោកនឹងចាត់កម្លាំងចុះទៅពិនិត្យជាក់ស្ដែងភ្លាម៕
មតិយោបល់