ភ្នំពេញៈ ក្រុមមន្រ្តីនៃគណៈកម្មការអភិវឌ្ឍន៍ទេសចរណ៍ មកពីអន្តរក្រសួងបានជួបប្រជុំគ្នានៅល្ងាចថ្ងៃទី២៧ ខែតុលា ម្សិលមិញនេះ ដើម្បីពិភាក្សាលើគោលការណ៍ណែនាំ ស្តីពីការបង្កើតនិងការគ្រប់គ្រងតំបន់និវេសនដ្ឋានទេសចរណ៍ ឬ ហៅថាតំបន់ទេសចរណ៍ពិសេស ឬ ផ្ទះទី២ សម្រាប់ទេសចរណ៍ស្នាក់នៅកម្សាន្ត លំហែររយៈពេលយូរ។
លោក ទិត ចាន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្រោយកិច្ចពិភាក្សានោះថា “កិច្ចពិភាក្សានេះផ្តោតជាសំខាន់លើ ការប្រែក្លាយតំបន់ដែលសក្កដានុពលទេសចរណ៍ទាំងវប្បធម៌ ធម្មជាតិ ទៅជាតំបន់ទេសចរណ៍ពិសេស ដែលទទួលឱ្យភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិទៅស្នាក់នៅ ទស្សនាកម្សាន្ត និងចូលរួមវិនិយោគផងដែរ”។
លោករដ្ឋលេខាធិការលើកឡើងទៀតថា ការបង្កើតឱ្យមានតំបន់និវេសនដ្ឋានទេសចរណ៍នេះ គឺចង់បង្កើតឱ្យមានការវិនិយោគទាំងក្នុងស្រុក និង មកពីបរទេស ពិសេសទាក់ទាញទេសចរណ៍ដែលមានគុណភាព ពោលគឺ អ្នកទេសចរណ៍ដែលមានធនធាន មានសុខភាពល្អ មានប្រវត្តិល្អ និងមានការអនុញ្ញាតពីរាជរដ្ឋាភិបាលឱ្យចេញចូលច្រើនដងរបស់ទេសចរណ៍បរទេស អាចសមកស្នាក់នៅច្រើនដងនិងរយៈពេលយូរតាមការកំណត់ណាមួយ និងមានសិទ្ធកាន់កាប់ប្រើប្រាស់ និងអាស្រ័យផលលើអចលនទ្រព្យនៅក្នុងតំបន់នោះទៅតាមច្បាប់ជាធរមាន។
លោក ទិត ចន្ថា បន្តទៀតថា សេចក្តីព្រាងគោលការណ៍ណែនាំនេះ ត្រូវបានមន្រ្តីជំនាញក្រសួងទេសចរណ៍និងក្រសួងស្ថាប័នពាក់ព័ន្ធ ចងក្រងរួចរាល់ហើយនូវនិតិវិធីអនុវត្ត ព្រមទាំងបាននាំគ្នាជជែកពិភាក្សាយ៉ាងល្អិតល្អន់ដោយផ្អែកទៅលើច្បាប់ទេសចរណ៍ជាតិ និងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យទេសចរណ៍ ហើយគណៈកម្មអភិវឌ្ឍន៍ទេសចរណ៍ត្រៀមនឹងដាក់ជូន ទៅគណៈកម្មការអភិវឌ្ឋន៍សេដ្ឋកិច្ចនិងហិរញ្ញវត្ថុពិនិត្យ មុននឹងបញ្ជូនទៅរដ្ឋាភិបាលពិនិត្យនៅពេលឆាប់ៗខាងមុខនេះ។
លោកបានបញ្ជាក់ថា ការបង្កើតនិងការអភិវឌ្ឍន៍តំបន់និវេសនដ្ឋានទេសចរណ៍នេះ នឹងក្លាយជាចលករដ៏មានឥទ្ធិពលជំរុញកំណើនសេដ្ឋកិច្ច ការអភិវឌ្ឍន៍សង្គម ការលើកកម្ពស់ផលិភាព និងគុណភាពតេសចរណ៍ស្របតាមនិន្នាការថ្មីនៃសេដ្ឋកិច្ចតំបន់ និងពិភពលោក ការបើកទីផ្សាទេសចរ៥ណ៍ថ្មី ការទាក់ទាញវិនិយោគ និងការនាំមកបច្ចេកវិទ្យាថ្មីចុងក្រោយមកកម្ពុជា ធ្វើឱ្យវិស័យនេះកាន់តែមានការរីកចម្រើនមានផលសេដ្ឋកិច្ចខ្ពស់ និងទទួលបានផលប្រយោជន៍ពីការលានុវត្តភាពនៃសកលផាវូបនីយកម្មនិងការធ្វើសមាហរណកម្មសេដ្ឋកិច្ចកម្ពុជាទៅក្នុងតំបន់និងអន្តរជាតិ។
សូមបញ្ជាក់ថា តំបន់និវេសនដ្ឋានទេសចរណ៍ គឺសំដៅដល់តំបន់ដែលមានសក្កដានុពលទេសចរណ៍ក្នុងប្រទេសកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យបង្កើតដោយរាជរដ្ឋាភិបាល សម្រាប់សកម្មភាពទេសចរណ៍ ការអភិវឌ្ឍន៍ទេសចរណ៍ និងសកម្មភាពពាក់ព័ន្ធដ៏ទៃទៀត៕
មតិយោបល់