ភ្នំពេញៈ អភិបាលរាជធានីភ្នំពេញ លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំជាមួយអាជ្ញាធរខណ្ឌពាក់ព័ន្ធនិងមន្ទីរជំនាញ ជុំវិញការដោះស្រាយនៃការស្ថាបនាស្ថានីយ៍បូមទឹក និងការបុកស៊ីផាយនៅស្ថានីយ៍ទាំង៤ នៅសាលារាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី២៨ តុលានេះ បានជំរុញឲ្យក្រុមការងារនិងក្រុមហ៊ុន ដែលទទួលសិទ្ធិក្នុងការស្ថាបនាស្ថានីយ៍បូមទឹក និងការបុកស៊ីផាយនៅស្ថានីយ៍ទាំង៤ នេះពន្លឿននូវការងាររបស់ខ្លួនឲ្យបានលឿននិងទាន់ពេលវេលា ពិសេសឲ្យបានរួចរាល់នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាសង្កាត់ ដើម្បីប្រគល់ដីកម្មសិទ្ធិស្របច្បាប់ដែលមិនប៉ះពាល់ទៅលើគម្រោងនេះជូនប្រជាពលរដ្ឋ បានប្រើប្រាស់។
លោកប៉ា សុជាតិវង្ស បានមានប្រសាសន៍លើកឡើងថា ចំពោះការបុកស៊ី ផាយនៅស្ថាយនីយបូមទឹកទួលគោកទី២ ត្រូវតែជ្រើសរើសរកក្រុមហ៊ុនណា ដែលមានលុយគ្រប់គ្រាន់ដើម្បីបើកការដ្ឋាននេះ យើងមិនអាចចាំដល់ខែភ្លៀងទើបធ្វើនោះទេ គឺត្រូវតែចាប់ផ្តើមពីពេលនេះតទៅតែម្តង ហើយធ្វើយ៉ាងណា ទាំងការបុកស៊ីផាយ និងការធ្វើផ្លូវអមប្រឡាយនេះត្រូវតែឲ្យបានរួចរាល់នៅមុនខែ៥ឬខែ៦ ឆ្នាំ២០១៧ ដើម្បីយកដីដែលមិនប៉ះពាល់ដល់គម្រោងនេះប្រគល់ដីកម្មសិទ្ធិស្របច្បាប់ជូនប្រជាពលរដ្ឋ បានប្រើប្រាស់តែម្តង។ យើងចង់ឲ្យមានការឈឺចាប់ច្រើនលើកច្រើនសារនោះទេ។
លោកបន្តថា ចំពោះការបុកស៊ីផាយ និងផ្លូវសងខាងនៅតាមប្រឡាយបាក់ទូក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ យើងពិតជាទទួលបានជោគជ័យនិងមានការគាំទ្រពីមហាជនខ្លាំងណាស់ ហើយនេះក៏ជាជំហានមួយដែលយើងត្រូវបន្តជំហានទៅមុខបន្តទៅទៀតដែរ។ ពាក់ព័ន្ធនឹងការងារខាងលើនេះលោក ប៉ា សុជាតិវង្ស ចង់ឲ្យសហគមន៍នានាដែលមានបងប្អូនប្រជាពលរដ្ឋរស់នៅប៉ះបាល់ដល់ការស្ថាបនា ដោយបុកស៊ីផាយនៅគ្រប់ប្រឡាយនានានៅក្នុងរាជធានីភ្នំពេញបានមកមើល ផ្លូវសងខាងនិងការបុកស៊ីផាយនៅ ប្រឡាយបាក់ទូក ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ដើម្បីឲ្យពួកគាត់បានឃើញនិងឲ្យពួកគាត់បានចូលរួម នោះវានឹងអាចកាត់បន្ថយការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋបានមួយកម្រិតផងដែរ។
លោកប៉ា សុជាតិវង្ស ក្នុងកិច្ចប្រជុំនោះក៏បានធ្វើការណែនាំឲ្យអាជ្ញាធរខណ្ឌទាំងអស់ត្រូវស្រង់ស្ថិតិបុរី ខុនដូ ក្នុងមូលដ្ឋានរបស់ខ្លួនឲ្យបានច្បាស់លាស់ ចំពោះបុរី ខុនដូណាដែលបានបង្ហូរសំណល់រាវមកក្នុងប្រឡាយ លូ របស់យើង យើងមិនអាចឲ្យពួកគាត់ធ្វើបែបនេះទេ ហើយក៏មិនមែនមានន័យថា មិនឲ្យពួកគាត់ភ្ជាប់មកបណ្តាញលូរបស់យើងនោះដែរ តែសំខាន់ពួកគាត់ត្រូវតែមានអាងចម្រោះជាតិពុលឲ្យអស់២០% សិនទើបអាចឲ្យ ពួកគាត់បង្ហូរចូលលូឬប្រឡាយយើងបាន។
គួរបញ្ជាក់ផងដែរ ស្ថានីយ៍បូមទឹកចំនួន៤ ដែលអាជ្ញាធររាជធានីភ្នំពេញយកមកប្រជុំ ពិភាក្សានេះរួមមានស្ថានីយ៍បូបទឹកទួលគោកទី១ ស្ថានីយ៍បូបទឹកទួលគោកទី២ ស្ថានីយ៍បូបទឹកបឹងត្របែក និងស្ថានីយ៍បូបទឹកព្រែកបារាំង៕
មតិយោបល់