ភ្នំពេញៈ កិច្ចប្រជុំពិគ្រោះយោបល់ថ្នាក់តំបន់បានធ្វើឡើងនៅក្នុងប្រទេសកម្ពុជា ដែលមានការចូលរួមពីប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាមផងនោះ បានជជែកគ្នាអំពីគោលការណ៍ណែនាំរួមមួយ ដើម្បីផ្តល់នូវការណែនាំ សម្រាប់អនុវត្តការចូលរួមជាសាធារណៈប្រកបដោយប្រសិទ្ធភាពនៅដំណើរការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាននៅក្នុងតំបន់មេគង្គ និងទាំងមូល សំដៅកាត់បន្ថយហានិភ័យដល់គម្រោងនិងភាគីពាក់ព័ន្ធ។
លោក ស៊ូ សាវុធ អនុរដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា “គោលការណ៍ណែនាំថ្នាក់តំបន់សម្រាប់ការចូលរួមជាសាធារណៈក្នុងការវាយតម្លៃហេតុផលប៉ះពាល់បរិស្ថាន ត្រូវបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងក្តីបារម្ភរួម និងបង្កើនការចូលរួមជាសាធារណៈប្រកបដោយអត្ថន័យ នៅក្នុងការធ្វើផែនការអភិវឌ្ឍន៍នៅក្នុងបរិបទដែលគម្រោងអភិវឌ្ឍន៍កំពុងកើនឡើងពាសពេញតំបន់មេគង្គ”។
លោកលើកឡើងថា ការប្រើប្រាស់គោលការណ៍ណែនាំនេះ មានចក្ខុវិស័យ ដើម្បីទទួលបាននូវលទ្ធផលផ្នែកអភិវឌ្ឍន៍ដែលមានភាពប្រសើរជាងមុន ប្រកបដោយនិរន្តរភាព និងកាន់តែមានសមធម៌។ លើសពីនេះផ្តល់នូវវិធីសាស្រ្ត ការអនុវត្តល្អ ថ្នាក់តំបន់ចំពោះចំពោះការចូលរួម ជាសាធារណៈនៅក្នុងការវាយតម្លៃផលប៉ះពាល់បរិស្ថាន និងមានគោលដៅបំពេញបន្ថែមទៅលើច្បាប់និងគោលនយោបាយជាតិដែលមានស្រាប់ ដោយបន្ថែមព័ត៌មានលម្អិត អំពីរបៀបធ្វើ និងគិតគូរពីផលប៉ះពាល់នៃការរស់នៅរបស់ប្រជាជនមុននឹងចាប់ដំណើរការគម្រោង។
លោក តឹក សុវណ្ណារ៉ា សមាជិក RTWG និងជានាយកប្រតិបត្តិនៃអអ្គការ The NGO Forum on Cambodia បានលើកឡើងថា “កន្លងមកវិសាលភាពនៃផលប៉ះពាល់វាមានលក្ខណៈធំដែរប៉ុន្តែយ៉ាងណាវាអាស្រ័យទាក់ទងទៅនិងទីតាំងភូមិសាស្រ្ត ថាតើភូមិសាស្រ្តនោះវាសម្បូរទៅ ដោយប្រភេទប្រព័ន្ធអេកូឡូស៊ី ប្រភេទជីវចម្រុះ ឬក៏ភូមិសាស្រ្តដែលសម្បូរដោយប្រជាជនរស់នៅ” ។
លោកបន្តថា គោលការណ៍ណែនាំនេះ វានឹងក្លាយជាគោលការណែនាំរួមរវាងប្រទេសទាំង៥ (CLMTV) ហើយក៏ក្លាយជាគោលការណ៍ណែនាំមួយដែលលើកទឹកចិត្តឱ្យអន្តររដ្ឋាភិបាលយកទៅធ្វើការពិចារណា និងយកទៅដាក់ក្នុងគោលការណ៍ណែនាំថ្នាក់ជាតិ ឬគោលការណែនាំផ្សេងៗដែលអាស្រ័យទៅលើការតាំងចិត្តរបស់រដ្ឋាភិបាលនីមួយៗនៅតាមបណ្តាប្រទេសទេន្លេមេគង្គដោយមិនមានការចាប់បង្ខំ៕
មតិយោបល់