ព័ត៌មានជាតិ

ខណ្ឌដូនពេញ ផ្សព្វផ្សាយវិធានការរបស់ក្រសួងសុខភិបាល ចំពោះផលិតផលបារីដែលពុំមានបោះពុម្ពសារព្រមានសុខភាពជារូបភាព

ភ្នំពេញៈ ដោយមើលឃើញពី បញ្ហាប្រឈមរបស់បងប្អូនអាជីវករ​លក់ដូរបារីនៅក្នុងខណ្ឌដូនពេញ ដែលអាចនឹងត្រូវទទួលការផាកពិន័យរហូតដល់ ២លានរៀល ដោយសារការលក់ផលិតផលបារីខុសច្បាប់ ដែលពុំមានសារព្រមានសុខភាពជារូបភាពនៅលើកញ្ចប់ផលិតផលថ្នាំជក់នោះ។ រដ្ឋបាលខណ្ឌដូនពេញ បានអញ្ជើញ បងប្អូនអាជីវករលក់បារីនៅតាមផ្សារនានា មកធ្វើការអប់រំ និងផ្សព្វផ្សាយអំពីភាពប្រឈមនេះ កាលពីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦នេះ ដើម្បីឲ្យពួកគាត់ចៀសផុតពីការផាកពិន័យ និងតម្រូវឲ្យពួកគាត់រក្សាទុក​ លក់ដូរតែផលិតផលបារីណាដែលស្របច្បាប់ដែលមានបោះពុម្ពសារព្រមានសុខភាពជារូបភាព ហើយធ្វើការបង្វិលផលិតផលបារីទាំងឡាយណា ដែលខុសច្បាប់ទៅឲ្យក្រុមហ៊ុនដើមវិញ ដោយទទួលទិញនិងលក់ តែផលិតផលបារីណាដែលត្រឹមត្រូវតាមច្បាប់តែប៉ុណ្ណោះ។

លោកឈឹម ឌីណា អភិបាលរងខណ្ឌជួសមុខឲ្យលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បានដឹងថា នេះគឺជាវិធានមួយដើម្បីការពារបងប្អូនអាជីវករ ហើយក៏ជួយឲ្យពួកគាត់បានរួចផុតពីការផាកពិន័យ របស់គណៈកម្មការអន្តរក្រសួង ដែលនឹងត្រូវអនុវត្តឆាប់ៗខាងមុខនេះ។ លោកអភិបាលរងក៏បានថ្លែងអំណរគុណដល់បងប្អូនអាជីវករទាំងអស់ ដែលបានចូលរួមដើម្បីទទួលបានព័ត៌មាននេះដែរ។

គួរកត់សម្គាល់ថា រហូតមកទល់សព្វថ្ងៃនេះ គេសង្កេតឃើញថា នៅតែមានផលិតផលបារីខុសច្បាប់ដែលពុំមានសារព្រមានសុខភាព ជារូបភាពរបស់ក្រុមហ៊ុនថ្នាំជក់អន្តរជាតិ​ធំៗជាច្រើន បន្តលក់យ៉ាងរំភើយនៅលើទីផ្សារ ដោយមិនខ្វាយខ្វល់ពីអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ដែលតម្រូវឲ្យកញ្ចប់ផលិតផលថ្នាំជក់ទាំងអស់ ត្រូវបោះពុម្ពសារព្រមានសុខភាពជារូបភាព និងជាភាសាខ្មែរ ទំហំ ៥៥% លើកញ្ចប់ផលិតផលថ្នាំជក់ ចាប់ពីថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៦កន្លងមកនេះ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ក្រសួងសុខាភិបាល បានចេញលិខិតព្រមានដោយចាត់វិធានការទៅដល់ក្រុមហ៊ុនថ្នាំជក់ទាំងឡាយណា ដែលនៅតែបន្តរំលោភលើច្បាប់ស្តីពីការត្រួតពិនិត្យថ្នាំជក់ទាក់ទង នឹងការបោះពុម្ពសារព្រមានសុខភាពជាភាសាខ្មែរ និងជារូបភាពនៅលើកញ្ចប់ផលិតផលថ្នាំជក់នេះផងដែរ។

បន្ទាប់ពីបានស្តាប់ពីការផ្សព្វផ្សាយរបស់អជ្ញាធរខណ្ឌរួចហើយ ឃើញថា លោក លោកអ្នកស្រីដែលជាអាជីវករលក់ដូរបារីនៅក្នុងមូលដ្ឋានខណ្ឌដូនពេញ ពួកគាត់នឹងប្តូរ ឬសុំឲ្យក្រុមហ៊ុនបារីដែលបានលក់បារីស៊េរីចាស់ៗ រួចប្តូរយកបារីថ្មីដែលស្របច្បាប់មានរូបភាពត្រឹមត្រូវលើសំបកកញ្ចប់ ដើម្បីជៀសវាងការផាកពិន័យដល់ពួកគាត់ ព្រោះពួកគាត់មិនចង់មានបញ្ហាផាកពិន័យអ្វីទេ​​ គឺចង់តែរកស៊ីដែលស្របច្បាប់តែប៉ុណ្ណោះ៕

សារព្រមានលើកញ្ចប់បារី

សារព្រមានលើកញ្ចប់បារី

សារព្រមានលើកញ្ចប់បារី

សារព្រមានលើកញ្ចប់បារី

សារព្រមានលើកញ្ចប់បារី

សារព្រមានលើកញ្ចប់បារី

មតិយោបល់