ព្រៃវែងៈ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តព្រៃវែង ធ្វើការចាប់ឃាត់ខ្លួន បន្ទាប់ពីត្រួតពិនិត្យរកឃើញថ្នាំញៀនជាប់នឹងខ្លួន។ ការបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៨និង១៥នាទី យប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខវត្តព្រះជីធំ ភូមិសឹង ឃុំកំពង់សឹង ស្រុកព្រះស្ដេច ខេត្តព្រៃវែង។
កម្លាំងអាវុធហត្ថខេត្តព្រៃវែង បានឲ្យដឹងថា ការបង្ក្រាបនេះធ្វើឡើងដោយមានការដឹកនាំដោយលោកអនុសេនីយ៍ឯក ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌អាវុធហត្ថខេត្តព្រៃវែង ។ ហើយជាក់ស្តែងនៅក្នុងការបង្ក្រាបខាងលើ កម្លាំងបានធ្វើការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ ក្នុងនោះទី១ឈ្មោះ ណុប ណារ៉ា ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ទី២ឈ្មោះ ហេង ពិសី ភេទប្រុស អាយុ២៩ឆ្នាំ ស្នាក់នៅភូមិកន្ទ្រាន ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង។ ទី៣ឈ្មោះ ផន ភឿប ភេទប្រុស អាយុ៣០ឆ្នាំ ស្នាក់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៤ឈ្មោះ ហ៊ុន ឧត្ដម ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅភូមិរោងដំរី ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ក្នុងនោះដែរ វត្ថុតាងដែលកម្លាំងធ្វើការដកហូតបានរួមមាន ម្សៅក្រាម ពណ៌ស ០១កញ្ចប់ ដែលមានទម្ងន់ទាំងសំបកថង់ ១១,១៥ ក្រាម,ទូរស័ព្ទដៃ២គ្រឿង និងម៉ូតូចំនួន២គ្រឿង។ បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានកម្លាំងអាវុធហត្ថខេត្តព្រៃវែង ធ្វើការសាកសួរ និងឃុំខ្លួនបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់សាលាដំបូងខេត្ត ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់