កំពង់ធំៈ យ៉ាងហោចណាស់មានបុរសម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ ក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បើកឆ្លងថ្នល់ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិព្រៃខ្លា ឃុំប្រឡាយ ស្រុលស្ទោង ខេត្តកំពង់ធំ កាលពីវេលាម៉ោង៤៖១៥នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ។
តាមសម្ដីអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ករណីគ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តឡិចស៊ីស RX៣០០ពណ៌ទឹកប្រាក់ គ្មានស្លាកលេខ បើកបរដោយឈ្មោះ មួន ប៉ាល់លីកា ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិជ្រោយចង្វា សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ក្រុងភ្នំពេញ បានបើកទៅ បុកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៦ពាក់ស្លាកលេខ កំពង់ធំ 1E-8597 ជិះគ្នា២នាក់បើកបរដោយ ឈ្មោះលី មករា ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ(រងរបួសធ្ងន់ក្បាល) និងអ្នករួមដំណើរ ឈ្មោះវ៉ន ចិត ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុខាងលើ(ស្លាប់នៅនឹងកន្លែង)។
អ្នកឃើញហេតុការណ៍បានបញ្ជាកទៀតថា មុនពេលកើតហេតុ គេឃើញរថយន្ត ខាងលើបើកបោះពួយយ៉ាងលឿន តាមបណ្ដោយផ្លូវជាតិលេខ៦ លុះដល់ចំណុចខាងលើ ក៏ស្រាប់តែម៉ូតូបើកឆ្លងផ្លូវ ហើយរថយន្ត ចាប់ហ្វ្រាំងមិនទាន់ ក៏បុកពេញទំហឹងតែម្ដង បណ្ដាលឲ្យអ្នកជិះម៉ូតូ ប៉ើងរាប់សិបម៉ែត្រ ចំណែករថយន្ត បានជ្រុលទៅធ្លាក់ក្នុកប្រឡាយទឹក។ ប្រភពអះអាងថាមូលហេតុនេះ មកពីអ្នកបើកម៉ូតូស្រវឹងស្រាឆ្លងថ្នល់ខ្វះការប្រុងប្រយ័ត្ន។
ក្រោយកើតហេតុ រថយន្តនិងម៉ូតូត្រូវបាន ប៉ូលិសប៉ុស្តិ៍ ឃុំប្រឡាយយកមករក្សាទុកដើម្បី រង់ចាំការដោះស្រាយ
ចំណែកអ្នករងរបួសបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តសៀមរាប រីឯសពត្រូវបានក្រុមគ្រួសារទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់