អ៊ីរ៉ាក់ៈ រដ្ឋអ៊ីស្លាមនៃប្រទេសអ៊ីរ៉ាក់ និងរដ្ឋ Levant បាននឹងកំពុងប្រើប្រាស់ជនស៊ីវិលរាប់ពាន់នាក់ធ្វើជាខែល ដើម្បីប្រឆាំងការវាយលុករបស់កងកម្លាំងរដ្ឋាភិបាលនៅជុំវិញទីក្រុង Mosul ក្នុងគោលបំណងដណ្ដើមយកតំបន់ទីក្រុងមកកាន់កាប់វិញពីពួកភេវករ។ នេះបើយោងតាមរយៈ សារព័ត៌មាន aljazeera ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦។
ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ កាលពីថ្ងៃសុក្រ បានឲ្យដឹងថា ជនស៊ីវិលជាង ២០០ នាក់ ត្រូវបានគេសម្លាប់ ជុំវិញការបដិសេធមិនអនុវត្តតាមបញ្ជាពីពួកសកម្មប្រយុទ្ធ ដែលគេស្គាល់ថា ISIS ។
តាមរបាយការណ៍ UN បានញ្ជាក់ថា ក្រុម ISIS បានបង្ខំឲ្យមនុស្សរាប់ម៉ឺននាក់ ចេញពីផ្ទះរបស់ពួកគេ នៅក្នុងស្រុកនៅជុំវិញទីក្រុង Mosul ។
ការអនុវត្តផែនការបែបនេះ គឺជាយុទ្ធសាស្រ្តរបស់ពួកសកម្មប្រយុទ្ធ ដើម្បីយកជនស៊ីវិលទាំងនោះ ជាចំណាប់ខ្មាំងការពារខ្លួននៅតំបន់ជាក់លាក់មួយ អំទ្បុងពេលការវាយលុករបស់កងកម្លាំងរដ្ឋាភិបាលអ៊ីរ៉ាក់។
អ្នកនាំពាក្យ UN លោកស្រី Ravina Shamdasani បាននិយាយថា យ៉ាងហោចណាស់មនុស្ស ២៣២ នាក់ ត្រូវបានបាញ់សម្លាប់ ដែលភាគច្រើនជាអតីតមន្រ្តីអ៊ីរ៉ាក់ កាលពីថ្ងៃពុធ និង ២៤ នាក់ទៀត កាលពីថ្ងៃអង្គារ។
គួរបញ្ជាក់ដែរថា រដ្ឋាភិបាលអ៊ីរ៉ាក់ បានបើកប្រតិបត្តិវាយប្រហារទ្រង់ទ្រាយធំមួយ ជាមួយពួកសកម្មប្រយុទ្ធ កាលពីថ្ងៃទី ១៧ ខែតុលា ដើម្បីដណ្ដើមតំបន់ក្នុងទីក្រុង Mosul មកគ្រប់គ្រងវិញ បន្ទាប់ពីត្រូវបានកាន់កាប់ដោយរដ្ឋអ៊ីស្លាម ISIS កាលឆ្នាំ ២០១៤៕
មតិយោបល់