ព្រះសីហនុៈ ក្រោយពីអង្គភាពសារព័ត៌មាន Post News និងបណ្ដាញសារព័ត៌មានក្នុងស្រុកជាច្រើន បានធ្វើការទម្លាយរឿងកូនប្រសាររបស់ឧកញ៉ា ស៊ុយ សុផាន ឈ្មោះ បែន តារា បានបាញ់បោះសេរីនៅខេត្តព្រះសីហនុមកនោះ ពេលនេះត្រូវបានថ្នាក់លើបង្ហាញរបាយការណ៍រយៈការបំភ្លឺរបស់សន្តិសុខយាមកាមនៅកន្លែងកើតហេតុ។
បើតាមរបាយការណ៍របស់ប្រធានសាខាសន្តិសុខ DSS ដែលទទួលបន្ទុកយាមកាមសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ ស្ថិតនៅចំណុចភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានបង្ហាញថា នៅវេលាម៉ោង១រំលងអធ្រាត្រ ចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ ក្រោយពីឮស្នូរសំឡេងផ្ទុះអាវុធ១គ្រាប់ នៅចំណុចក្លឹបកម្សាន្ត Seven ដែលមានទីតាំងនៅក្នុងសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ គេបានឃើញរថយន្តទំនើបមួយគ្រឿងម៉ាក ឡិចស៊ីស ៥៧០ ពាក់ស្លាកលេខ ន.ប ៣៦៦៧ បានមកដល់កុងត្រូល ហើយអ្នកជិះរថយន្តបានដកកាំភ្លើងភ្ជង់សន្តិសុខបង្ខំឲ្យបើកកុងត្រូល ដើម្បីចាកចេញ។
របាយការណ៍ដដែលបញ្ជាក់ថា ក្នុងសភាពការណ៍ដ៏គ្រោះថ្នាក់នោះ សន្តិសុខត្រូវបង្ខំចិត្តបើកកុងត្រូល ដើម្បីឲ្យរថយន្តនោះបើកចេញទៅក្រៅ ប៉ុន្តែបន្ទាប់ពីរថយន្តចេញទៅបាត់ ទើបគេបានដឹងច្បាស់ថា អ្នកនៅក្នុងរថយន្តនោះ ទើបចេញពីផឹកស៊ីនៅក្លឹប Seven។
ទោះជាយ៉ាងណា ករណីនេះ ត្រូវបានថ្នាក់លើទម្លាយថា ជារឿងភ័ន្តច្រឡំដែលប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបានផ្សាយថា ទាក់ទងនឹងស្ត្រីជនជាតិបរទេស និងបង្កឲ្យមានហេតុការណ៍បាញ់បោះនៅក្លឹប Seven។
បើតាមការបំភ្លឺរបស់ស្នងការរងនគរបាលខេត្តព្រះសីហនុ លោក បែន តារា តាមរយៈកាសែតក្នុងស្រុកថា លោកមិនមានការជាប់ពាក់ព័ន្ធនឹងស្ត្រីជនបរទេស ប៉ុន្តែលោកទទួលស្គាល់ថា នៅក្នុងហេតុការណ៍នោះ ពិតជាបានផឹកស៊ីបន្តិចបន្តួចមែន ហើយរថយន្តដែលនៅក្នុងកាម៉េរាសុវត្ថិភាព ឬសន្តិសុខធ្វើរបាយការណ៍បង្ហាញសមត្ថកិច្ចនោះ លោកបញ្ជាក់ថា មិនមែនជារឿងពិតទេ ដោយសារតែរថយន្តរបស់លោកជារថយន្តពាក់ស្លាកលេខផ្សេង។ លោកបន្តថា ចំពោះករណីបាញ់បោះវិញ គ្រាន់តែជាការបាញ់ ដើម្បីការពារសុវត្ថិភាព នៅពេលដែលមានមនុស្សមួយក្រុមបានធ្វើសកម្មភាពជក់គ្រឿងញៀន គ្រាដែលលោកចាកចេញពីក្លឹបកម្សាន្ត ធ្វើដំណើរទៅផ្ទះប៉ុណ្ណោះ។ យ៉ាងណា លោកថា ក៏បានធ្វើរបាយការណ៍ទៅថ្នាក់លើរួចហើយជុំវិញហេតុការណ៍នេះដែរ។
គួររំឭកថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៦ មានហេតុការណ៍ផ្ទុះអាវុធមួយគ្រាប់នៅម្ដុំក្លឹបកម្សាន្ត Seven ក្នុងបរិវេណសណ្ឋាគារ និងរមណីយដ្ឋាន អេម៉ារីអូ។ ភ្លាមៗ គេឃើញរថយន្ត ឡិចស៊ីស ៥៧០ ពណ៌ខ្មៅ ពាក់ស្លាកលេខ នគរបាល និងមានបិតឡូហ្គោនគរបាលជាតិសងខាង បានព្យាយាមបើកចេញ ដោយដកកាំភ្លើងភ្ជង់សន្តិសុខបង្ខំឲ្យបើកកុងត្រូលសណ្ឋាគារឲ្យខ្លួនចេញ៕
មតិយោបល់