ព័ត៌មានជាតិ

សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ចុះបង្ក្រាបមេកន្ទុយលេខ នៅសង្កាត់បឹងធំ

ភ្នំពេញ: បន្ទាប់ពីសម្ដេចក្រឡាហោម ស ខេង ប្រកាសបង្រ្កាប ឆ្នោត កន្ទុយលេខ និងល្បែងស៊ីសងគ្រប់ប្រភេទមកនោះ នៅវេលាម៉ោង៣និង៥០នាទីរសៀលថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ មេកត់កន្ទុយលេខម្នាក់ត្រូវបានកម្លាំងនគរបាលជំនាញខណ្ឌពោធិ៍សែនជ័យ ចុះប្រតិបត្តិការបង្ក្រាបចាប់ឃាត់ខ្លួន ស្ថិតនៅផ្ទះមួយកន្លែង ក្នុងភូមិត្រពាំងក្រសាំង សង្កាត់បឹងធំ ខណ្ឌពោធិ៍សែនជ័យ។

តាមនគរបាលបានឲ្យដឹងថា បន្ទាប់ពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានជុំវិញការបើកល្បែងស៊ីសងខុសច្បាប់ កើតមានតាមបណ្តាមូលដ្ឋាន ដែលបង្កឲ្យអសន្តិសុខ ឈានទៅដល់ប្រព្រឹត្តបទល្មើសផ្សេងៗ។ ដោយក្រោមបញ្ជា ពីអគ្គស្នងការនគរបាលជាតិ និងក្រោមការបញ្ជាពីលោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យដឹកនាំផ្ទាល់ដោយលោក ម៉ន វុធី អធិការរង ដើម្បីទប់ស្កាត់ បង្ក្រាបរាល់បទល្មើសផ្សេងៗ ដើម្បីរក្សាសន្តិសុខជូនប្រជាពលរដ្ឋ និងសង្គម ទើបកម្លាំងនគរបាលជំនាញ ខណ្ឌពោធិ៍សែនជ័យ សម្របសម្រួលដោយលោក គុជ គឹមឡុង ព្រះរាជអាជ្ញារង សាលាដំបូងរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាបដល់ទីតាំងផ្ទះកត់កន្ទុយលេខ ត្រង់ចំណុចភូមិខាងលើ ឃាត់ខ្លួនមេកន្ទុយលេខបានម្នាក់ រឹមអូសវត្ថុតាង ក្រដាសកត់ឆ្នោត តារាងកន្ទុយលេខ សម្ភារ:ប្រើក្នុង កត់ឆ្នោតមួយចំនួនធំ និងលុយមួយចំនួនទៀត។

ជនសង្ស័យជាមេកត់កន្ទុយលេខ មានឈ្មោះ អាង សារុំ ភេទប្រុស អាយុ៣១ឆ្នាំ ជាម្ចាស់ទីតាំង ផ្ទះកើតហេតុខាងលើ ។ក្រោយពីឃាត់ខ្លួនបានជនសង្ស័យ ត្រូវបាននាំខ្លួនទៅកាន់ផ្នែកជំនាញអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ដើម្បីសាកសួរ និងចាត់ការទៅតាមនីតិវិធី៕

//youtu.be/GAbXCIOEPGc

photo_2016-10-29_19-01-40

photo_2016-10-29_19-01-42

photo_2016-10-29_19-01-44

photo_2016-10-29_19-01-46

photo_2016-10-29_19-01-48

មតិយោបល់