ភ្នំពេញៈ យោងតាមការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះថា ក្រោយពីសួរចម្លើយ ពិនិត្យឯកសារសំណុំរឿង និងពិភាក្សាដេញដោលចំពោះមុខរួចមក លោក កោ វណ្ឌី ជាចៅក្រមសើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នហើយ។ លោកបានបន្តថា ជនត្រូវចោទឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព ត្រូវបានលោក គង់ សំសារ៉េត ចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ និងបទ ញុះញង់ឲ្យមានការរើសអើង យោងតាមមាត្រា ២៣៣ មាត្រា ៤៩៤ និងមាត្រា ៤៩៦ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថាជនត្រូវចោទឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅ ភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុក ស៊ីធរកណ្ដាល ខេត្តព្រៃវែង ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រៃវែងឃាត់ខ្លួន កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមដីកា បញ្ជាឲ្យចូលខ្លួន របស់លោក សៀង សុខ ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណី ប្រើទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីបដាក់បណ្តាសារប្រមាថជីវិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។
ក្រោយឃាត់ខ្លួនជនត្រូវចោទ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តព្រៃវែងបញ្ជូនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ដើម្បីចាត់ការបន្ត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី៕
មតិយោបល់