ព័ត៌មានជាតិ

តំណាងអយ្យការ កំពុងបន្តចំណាត់ការលើ សំណុំរឿង ចៅសង្កាត់ព្រែកប្រា វាយសន្តិសុខ

ភ្នំពេញ: ទីបំផុតទៅសំណុំរឿង ដ៏ក្តៅគគុក របស់លោក ហួរ ហូត ចៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ត្រូវបានបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ ក្រោយពីចៅសង្កាត់រូបនេះព្យាយាមសម្របសម្រួលជាមួយជនរងគ្រោះ និងគ្រួសារ មិនបានសម្រេច។

យោងតាមការបញ្ជាក់ពីលោក លី សុផាណា អ្នកនាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានតាមបណ្តាញទំនាក់ទំនងសង្គម Telegram នៅរសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦នេះថា តំណាងអយ្យការកំពុងបន្តចំណាត់ការស៊ើបអង្កេតតាមនិតិវិធីចំពោះសំណុំរឿង ចៅសង្កាត់ព្រែកប្រា ដែលបានវាយ សន្តិសុខ របស់បុរី សម្បត្តិមានហេង៣ ផ្លូវជាតិលេខ១ ក្នុងភូមិបឹងឈូក សង្កាត់និរោធ ខណ្ឌច្បារអំពៅហើយ។

គួររំលឹកថា កាលពីវេលាម៉ោង ៥ និង៤៥នាទីល្ងាច ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ លោក ហួរ ហួត ចៅសង្កាត់ព្រែកប្រា បានផ្ទុះជម្លោះពាក្យសម្តី និងបានផ្ទុះហិង្សាទះកំផ្លៀងមួយដៃទៅលើជនរងគ្រោះឈ្មោះ មាស ដុំដី អាយុ១៩ឆ្នាំ មុខរបរ សន្តិសុខ ស្រុកកំណើតនៅភូមិទួលខ្ពស់ ឃុំចំបក់ ស្រុក ស្វាយជ្រុំ ខេត្តស្វាយរៀង ចំសៀតផ្កា បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលចំជញ្ជាំងថ្ម រងរបួសធ្ងន់បញ្ជូនទៅសង្កគ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី៕

photo_2016-10-30_20-05-53

photo_2016-10-30_20-05-55

photo_2016-10-30_20-05-57

មតិយោបល់