សេអ៊ូលៈ លោកស្រី Choi Soon-sil ដែលជាមនុស្សជំនិតរបស់ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកស្រី ផាក គឿនហេ ដែលគេសង្ស័យថា ជាដើមហេតុនៃបែកធ្លាយរឿងអាស្រូវពុករលួយ និងកំពុងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរដ្ឋនោះ បានត្រឡប់មកកូរ៉េខាងត្បូងវិញហើយ នៅថ្ងៃអាទិត្យនេះ បន្ទាប់ពីលាក់ខ្លួនរយៈពេលជិត ២ខែនៅអឺរ៉ុប។ នេះបើតាមការឲ្យដឹងពីរដ្ឋអាជ្ញា។
យោងតាមសារព័ត៌មានកូរ៉េខាងត្បូង យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ព្រះរាជអាជ្ញាជាន់ខ្ពស់មួយរូបថា «លោកស្រី Choi Soon-sil គឺស្ម័គ្រចិត្តត្រឡប់មកកាន់កូរ៉េខាងត្បូងវិញ នៅវេលាម៉ោង ៧ និង៣០នាទីព្រឹក តាមជើងហោះរបស់អាកាសចរណ៍ British Airways ដោយធ្វើដំណើរចេញពីអាកាសយានដ្ឋាន Heathrow ចក្រភព អង់គ្លេស។
ក្រោយការមកដល់ តំណាងផ្នែកច្បាប់របស់លោកស្រី Choi គឺលោក Lee Kyung-jae បានជួបជាមួយអ្នកសារព័ត៌មាននៅក្នុងទីក្រុង សេអ៊ូល ហើយបាននិយាយថា លោកស្រីត្រឡប់មកនេះ គឺស្ថិតក្រោមការសាកសួររបស់ព្រះរាជអាជ្ញារដ្ឋ។ លោកបន្ថែមថា លោកស្រី នឹងសហការជាមួយសមត្ថកិច្ចឲ្យបានពេញលេញជាមួយនឹងការស៊ើបអង្កេត៕


មតិយោបល់