កំពង់ធំៈ អាជ្ញាធរក្រុងស្ទឹងសែន បានចុះឃាត់ និងដកហូតឧបករណ៍ជាង ដែលកំពុងសាងសង់ សំណង់មួយកន្លែង ស្ថិតនៅភូមិអាចារ្យលាក់ សង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដោយអាជ្ញាធរក្រុងស្ទឹងសែន បានអះអាងថា សំណង់នេះ សាងសង់ដោយគ្មានច្បាប់អនុញ្ញាត និងរំលោភចូលមកលើចំណីផ្លូវសាធារណៈ។
លោកលឹម សុភា ប្រធានការិយាល័យ រៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ក្រុងស្ទឹងសែន បានប្រាប់អ្នកសារព័ត៌មានថា ការចុះហាមឃាត់នេះជាលើកទី៣ហើយ ទើបសមត្ថកិច្ចសម្រេចដកហូត ឧបករណ៍ជាង និងហៅមេជាង រួមទាំងម្ចាស់សំណង់ ទៅធ្វើកិច្ចបញ្ឈប់ការ សាងសង់នៅប៉ុស្តិ៍រដ្ឋបាលសង្កាត់អាចារ្យលាក់ ដើម្បីរង់ចាំមានច្បាប់អនុញ្ញាត។
លោកលឹម សុភា បានបន្តថា សំណង់នេះ មិនត្រឹមគ្មានច្បាប់អនុញ្ញាតនោះទេ ថែមសាងសង់រំលោភ ចូលមកលើចំណីផ្លូវ២ខ្សែទៀតផង គឺផ្លូវជាតិលេខ៦ និងផ្លូវបេតុង ក្នុងភូមិ។ ចំពោះផ្លូវបេតុងក្នុងភូមិនេះ គឺ យោងតាមច្បាប់ គឺមានចម្ងាយពីអាក់ផ្លូវ(ចំណុចកណ្ដាលផ្លូវ)ប្រវែង៧,៥ម៉ែត្រ ប៉ុន្តែសំណង់នេះ គឺមាន ប្រវែងតែ៥ម៉ែត្រពីអាក់ផ្លូវតែប៉ុណ្ណោះ។
លោកគង់ វុទ្ធី នាយករដ្ឋបាល សាលាក្រុងស្ទឹងសែន ដែលជាអ្នកដឹកនាំកម្លាំង ចុះប្រតិបត្តិការបង្ក្រាបសំណង់នេះ បានប្រាប់ឲ្យដឹងថា ការចុះបង្ក្រាបសំណង់ ដែលគ្មានច្បាប់អនុញ្ញាត និងសាងសង់រំលោភចូលមកលើ ដីចំណីផ្លូវនេះ គឺជាចំណាត់ការ របស់លោក ហុក រិន អភិបាលក្រុងស្ទឹងសែន ក្នុងគោលបំណង តម្រូវឲ្យម្ចាស់ សំណង់ សាងសង់ដោយមានច្បាប់អនុញ្ញាតត្រឹមត្រូវ។
ជាមួយគ្នានេះ ស្ត្រីម្ចាស់សំណង់ ឈ្មោះហូ សុខហ៊ួយ ភេទស្រី អាយុជាង៥០ឆ្នាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានថា គឺគាត់មានច្បាប់អនុញ្ញាត ក្នុងសាងសង់នេះ ប៉ុន្តែអាជ្ញាធរភូមិឃុំ គេមិនទទួល ស្គាល់ ហេតុនេះ គាត់ជាប្រជាពលរដ្ឋមិនដឹងធ្វើដូចម្ដេចនោះទេ។ ចំណែកឯច្បាប់នោះ ត្រូវបានជាប់ទៅជា មួយប្ដីគាត់ នៅស្រុកសណ្ដាន់ឯណោះ ហើយប្ដីគាត់ឈ្មោះ តុល គឹមវេត ជាមន្ត្រីពេទ្យ នៅមណ្ឌលសុខភាព ស្រុកសណ្ដាន់។
គួរបញ្ជាក់ផងដែរថា ចំពោះបង្ក្រាបការ សាងសង់សំណង់ខាងលើនេះ គឺសមត្ថកិច្ចក្រុងស្ទឹងសែននេះ គេសង្កេតឃើញថា សមត្ថកិច្ចអធ្យាស្រ័យ និងយល់យោគមិនដាក់ទណ្ឌកម្មខាងផ្លូវច្បាប់ណាមួយដល់ម្ចាស់សំណង់នោះទេ ទោះជាសមត្ថកិច្ចនោះ បានអះអាងថា ការចុះមកឃាត់នេះ ជាលើកទី៣ ក៏ដោយគឺគ្រាន់ដកហូតឧបករណ៍ជាងយកទៅរក្សាទុកជាបណ្ដោះអាសន្ននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ អាចារ្យអាលាក់ តែប៉ុណ្ណោះ៕





មតិយោបល់