សៀមរាបៈ ជនបរទេសម្នាក់ ត្រូវបានសន្ដិសុខសណ្ឋាគារប្រទះឃើញដេកស្លាប់នៅក្បែរសណ្ឋាគារលានជល់ដំរី ជ្រុងខាងកើត កាលពីវេលាម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅភូមិមណ្ឌល១ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។
លោកវរសេនីយ៍ទោ វ៉ាន់ រិទ្ធ នាយការិយាល័យនគរបាលអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ PHILLIP HOUSTON ROLEN ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិអាមេរិក ជាភ្ញៀវទេសចរណ៍ ចូលមកខេត្តសៀមរាប កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ មកស្នាក់នៅសណ្ឋាគារកើតហេតុខាងលើ បន្ទប់លេខ៤០ជាមួយប្រពន្ធ។ លោកបន្តថា ប្រពន្ធសាកសព បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ជនរងគ្រោះបានផឹកស្រាស្រវឹងតាំងពីល្ងាច រហូតដល់ជិតភ្លឺ នៅតំបន់ផាប់ស្ទ្រីតទើបត្រឡប់មកសណ្ឋាគារវិញ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបច្ចេកទេសវិទ្យាសាស្ត្រ និងលោកគ្រូពេទ្យអមតុលាការខេត្តសៀមរាប បានចុះទៅពិនិត្យសាកសព និងបានសន្និដ្ឋានថា ជនរងគ្រោះផឹកស្រាហួសកំណត់ អាចបណ្ដាលឲ្យគាំងបេះដូង ហើយដួលបោកក្បាលនៅលើការ៉ូបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលស្លាប់តែម្តង។
បច្ចុប្បន្ន សពត្រូវបានដឹកយកទៅរក្សាទុកបណ្ដោះអាសន្ននៅមន្ទីរពេទ្យរ៉ូយ៉ាល់អង្គរ រង់ចាំមានការឯកភាពពីស្ថានទូតជាមុនសិន៕



មតិយោបល់