ព្រះសីហនុៈ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ សាធារណការនិងដឹកជញ្ជូនខេត្តព្រះសីហនុ បើកការដ្ឋានសាង សង់ និងជួសជុលផ្លូវជាតិ និងផ្លូវក្នុងក្រុងព្រះសីហនុ ក្រោមអធិបតីភាពលោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត លោក យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ។
លោក ណុប ហេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានឲ្យដឹងថា ដោយការយកចិត្តទុកដាក់ផ្តល់គម្រោងថវិកាចុងឆ្នាំ២០១៦ សម្រាប់រៀបចំសាងសង់ ជួសជុលកំណាត់ផ្លូវជាតិលេខ៤ ចាក់ពង្រីកក្រាលបេតុងសសៃដែកប្រវែង ៣២៩៥ម៉ែត្រ គុណ៨ម៉ែត្រ សម្រាប់គន្លងឲ្យរថយន្តដឹកទំនិញធុនធ្ងន់បើកបរ ។ ផ្លូវទី២ រង្វង់មូលវាលរេញទំហំ ៩៩៧៩ម៉ែត្រ ការ៉េ ចាក់ក្រាលបេតុង ។ ទី៣ ផ្លូវរង្វង់មូលវាលរេញ ទំហំ ៨៥៩២ ម៉ែត្រការ៉េ ចាក់ក្រាលកៅស៊ូ A/C ។ និងទី៤ ផ្លូវលេខ៥០០, ៥០២,៤០០ ទំហំ៣១៧៩០ ម៉ែត្រការ៉េ ចាក់ក្រាលកៅស៊ូA/C។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន មានប្រសាសន៍បើកការ ដ្ឋានជួសជុលផ្លូវជាតិ និងផ្លូវក្នុងក្រុងព្រះសីហនុ ដោយសង្កត់ធ្ងន់ថា ការបើកការដ្ឋាននាពេលនេះ ដើម្បីជួយសម្រួលការកកស្ទះចរាចរណ៍នៅខេត្តព្រះសីហនុ ខេត្តមានសក្តានុពលសេដ្ឋកិច្ចក្នុងការដឹកជញ្ជូន មានផ្លូវដែក ផ្លូវទឹក ផ្លូវអាកាស និងផ្លូវគោក ។ ការសាងសង់ផ្លូវថ្នល់ដោយសារកំណើនទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ មានការកើនឡើងជារៀងរាល់ឆ្នាំ គឺត្រូវធ្វើយ៉ាងណា ឲ្យមានគុណភាពកុំឲ្យមានការធ្វើផ្លូវជាប់រហូត គឺការធ្វើខាងមុខ ខូចខាងក្រោយ ក្រសួងសាធារណការនឹងដឹកជញ្ជូនចាក់ស្តើងស៊ីក្រាស់ ចាក់ក្រាស់ស៊ីស្តើង ល្មមឈប់ហើយ ដល់ពេលវេលាដែលយើងត្រូវធ្វើផ្លូវថ្នល់ប្រកប ដោយគុណភាព តាមលក្ខណៈបច្ចេកទេស គឺធ្វើជាប់បានយូរ។ការជួសជុលផ្លូវក៏ដូចគ្នាដែរ បើមានសំបុកមាន់ត្រូវជួសជុលឲ្យហើយ កុំឲ្យផ្លូវសំបុកមាន់ក្លាយទៅជាថ្លុកក្របី។
លោកបានបន្តថា ក្រសួងនឹងរៀបចំម៉ូតូកង់បី ហើយនៅលើម៉ូតូកង់បីមានម៉ាស៊ីនភ្លើងមួយគ្រឿង ជើងដំរីមួយ ម៉ាស៊ីនបង្ហាប់មួយ ផ្លាកសញ្ញាចរាចរណ៍ ម៉ាស៊ីនកាត់ស្មៅ មានកៅស៊ូត្រជាក់ ក្នុងការជួសជុលផ្លូវ ទោះបីភ្លៀងក៏យើងអាចជួសជុលបានដែរ ។ ក្រសួងបានរៀបចំចុះបញ្ជីយានយន្តតាម អនឡាញ ដើម្បីកាត់បន្ថយការចំណាយមិនប្រក្រតីសាកល្បង និងដាក់ឲ្យដំណើរការនៅដំណាច់ឆ្នាំ២០១៦នេះ ហើយ បច្ចុប្បន្នយើងបានប្តូរប័ណ្ណបើកបរតាមអនឡាញ ឈៀកឡាន តាមប្រព័ន្ធអនឡាញ នូវពេលឡានត្រូវចូលមកឈៀក យើងទូរសព្ទទៅម្ចាស់ឡាន ហើយប្រព័ន្ធអនឡាញនេះ យើងនឹងដាក់ឲ្យដំណើរការនៅចុងឆ្នាំ ២០១៦ ឬនៅដើមឆ្នាំ២០១៧ខាង មុខនេះ ដើម្បីផ្តល់សេវាសាធារណជូនប្រជាពលរដ្ឋឲ្យមានប្រសិទ្ធិភាព តម្លាភាព។ ក្រសួងបានដាក់មណ្ឌលប្តូរប័ណ្ណបើកបរនៅផ្សារស៊ីអនមល មានប្រជាពលរដ្ឋជាង ២ម៉ឺននាក់ហើយ បានមកប្តូរយកប័ណ្ណបើកបរនៅផ្សាស៊ីអនមល លុបបំបាត់ការរត់ការក្រៅផ្លូវការ ដោយអនុវត្តតាមប្រសាសន៍ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានផ្តាំផ្ញើឲ្យមន្ត្រីសាធារណៈការ និងដឹកជញ្ជូនត្រូវត្រួតពិនិត្យគ្រប់ការដ្ឋាន ហើយត្រូវដើរហាត់ប្រាណពិនិត្យការងារមើលផ្លូវ ថែទាំជាប្រចាំសាកសមជាខេត្តតំបន់ឆ្នេរ និងជាទីក្រុងទេសចរណ៍ក្នុងប៉ូលទាំងបី មានរាជធានីភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ ម្យ៉ាងទៀតខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាឲ្យរៀបចំពិធីបុណ្យសមុទ្រ ជុំទី២នៅចុងឆ្នាំ២០១៦នេះ ដើម្បីបង្ហាញពីសក្តានុពលខេត្តទេសចរណ៍បែបធម្មជាតិ ៕





https://youtu.be/GmzwXsnizIM
មតិយោបល់