ព័ត៌មានជាតិ

អាជ្ញាធររាជធានីខេត្តកណ្តាល និងក្រសួងធនធានទឹកនឹងបើកកិច្ចប្រជុំ ពិភាក្សាដើម្បីរកដំណោះស្រាយលើបញ្ហាលិចលង់ដោយទឹកជំនន់នៅក្រោយបុណ្យអុំទូក

កណ្តាល: អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញលោក ប៉ា សុជាតិវង្ស បានមានប្រសាសន៍ថា នៅក្រោយបុណ្យអុំទូក បណ្តែតប្រទីប​ អកអំបុក​ និងសំពះព្រះខែរួច អាជ្ញាធររាជធានី ខេត្តកណ្តាលនិងក្រសួងធនធានទឹកនឹងបើកកិច្ចប្រជុំ ពិភាក្សាជាមួយគ្នា ដើម្បីរកដំណោះស្រាយឲ្យបានល្អប្រសើរឡើងលើបញ្ហាលិចលង់ដោយទឹកជំនន់។ ក្រៅពីនេះ ការសហការគ្នាធ្វើយ៉ាងណាឲ្យភូមិសង្កាត់មានសុវត្ថិភាពរវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលក៏ត្រូវពង្រឹងរួមគ្នាផងដែរ។

ការលើកឡើងរបស់លោកប៉ា សុជាតិវង្ស បែបនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅក្នុងពិធិបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែ មានប្រវែងជាង១២គីឡូមែត្រឆ្លងកាត់រាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយមានការចូលរួមពី លោកម៉ៅ ភារុណ អភិបាលខេត្តកណ្តាលផងដែរ។

លោកប៉ា សុជាតិវង្ស មានប្រសាសន៍បន្តថា ការសម្រេចឲ្យមានការបើកការដ្ឋានស្ថាបនាផ្លូវមួយខ្សែនេះឡើង គឺអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៦ ក្នុងឱកាសដែលសម្តេចតេជោអញ្ជើញចុះ ពិនិត្យសាលាបឋមសិក្សា និងវិទ្យាល័យចំណេះដឹងទូទៅសម្តេចសង្ឃរាជប៊ូគ្រី និងវត្តព្រះឥន្ទសាមគ្គីធម៌ ក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ លោកបន្តថា ក្រោយពីទទួលបានអនុសាសន៍នេះភ្លាម ក្រុមការងាររបស់រដ្ឋបាលរាជធានីភ្នំពេញក៏បានចុះធ្វើការសិក្សារហូតបានសម្រេចបើកការដ្ឋាននៅពេលនេះតែម្តង ដើម្បីសម្រួលដល់ចរាចរណ៍របស់ប្រជាពលរដ្ឋជាអ្នកដំណើរ។

លោកម៉ៅ ភារុណ អភិបាលខេត្តកណ្តាលក្នុងឱកាសនោះក៏បានមានប្រសាសន៍លើកឡើងផងដែរថា ផ្លូវមួយខ្សែដែលបាននឹងកំពុងបើកការដ្ឋាននេះ ជាផ្លូវចាស់តាំងពីឆ្នាំ១៩៥៨មកម្លេះ ក្រោយមកក៏មានសភាពចាស់ទ្រុឌទ្រោម ហើយក៏មានជួសជុលជាបណ្តើរៗផងដែរ។ តែមកដល់ពេលនេះ ដោយឃើញផ្លូវមួយខ្សែនេះពិបាកក្នុងការធ្វើដំណើរ ម្យ៉ាងវាជាផ្លូវសំខាន់ផងនោះ ទើបសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាសម្រេចឲ្យស្ថាបនាឡើងជាថ្មីវិញតែម្តង។ លោកអភិបាលខេត្ត ក៏បានស្នើឲ្យប្រជាពលរដ្ឋគិតផងនៅពេលបានផ្លូវមួយខ្សែនេះ លោកថា បើបានទឹកហូបហើយត្រូវនឹកដល់ប្រភពទឹកនោះផង។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានមានប្រ​សាសន៍ថា ការដ្ឋានស្ថាបនាផ្លូវខាងលើនេះ ត្រូវស្ថាបនាឡើងជាប្រភេទផ្លូវបេតុងកម្រាស់២តឹកមានបណ្តោយប្រវែង១២ ៦២០ម៉ែត្រ ទទឹង៧ម៉ែត្រ ក្នុងនោះ ក្នុងភូមិសាស្ត្រខេត្តកណ្តាលមានប្រវែង២ ៤០០ម៉ែត្រចាប់ពីផ្លូវជាតិលេខ៤ ដល់ព្រំប្រទល់រាជធានីភ្នំពេញ ក្នុងភូមិរការធំ និងភូមិសាស្ត្ររាជធានីភ្នំពេញមានប្រវែង១០ ២២០ម៉ែត្រ ចាប់ពីភូមិរការធំដល់ផ្លូវជាតិលេខ៣។ ក្រៅពីការស្ថាបនាផ្លូវហើយនោះ ការដ្ឋានខាងលើក៏ត្រូវដាក់លូទំហំ១ម៉ែត្រចំនួនទីតាំងផងដែរ។ ការដ្ឋាននេះនឹងប្រើប្រាស់វេលាក្នុងការស្ថាបនារយ:ពេល៦ខែ មានន័យថានឹងស្ថាបនាឲ្យបានរួចរាល់ ដើម្បីទទួលបុណ្យចូលឆ្នាំខាងមុខនេះ៕

អាជ្ញាធរជួសជុលផ្លូវ

អាជ្ញាធរជួសជុលផ្លូវ

អាជ្ញាធរជួសជុលផ្លូវ

អាជ្ញាធរជួសជុលផ្លូវ

អាជ្ញាធរជួសជុលផ្លូវ

អាជ្ញាធរជួសជុលផ្លូវ

អាជ្ញាធរជួសជុលផ្លូវ

photo_2016-10-31_13-23-09

មតិយោបល់