ព័ត៌មានជាតិ

ទាហានអាមេរិកនិងកម្ពុជា រួមគ្នាធ្វើសមយុទ្ធលើកទី៧ដើម្បីបង្កើនសមត្ថភាពកងកម្លាំង និងពង្រឹងកិច្ចសហប្រតិបត្តិការ

ព្រះសីហនុៈ ទាហានជើងទឹកអាមរិក និងទាហានជើងទឹកកម្ពុជា នៅថ្ងៃទី៣១ ខែតុលានេះ បានរួមគ្នាបើកសមយុទ្ធប្រចាំឆ្នាំលើកទី៧ នៅមូលដ្ឋានជើងទឹករាម ដែលមានឈ្មោះថា Cooperation Afloat Readiness and Training ឬ CARAT ដើម្បីបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យយោធា និងលើកកម្ពស់សន្តិសុខលំហសមុទ្រក៏ដូចជាផ្លាស់ប្តូរបទពិសោធន៍រវាងកងទ័ពជើងទឹកនៃប្រទេសទាំង២ឲ្យកាន់តែរឹងមាំ និងល្អប្រសើរថែមទៀត។

លោកវរសេនីយ៍ឯក Erich Diehl មេបញ្ជាការប្រចាំនៅបញ្ជាការដ្ឋានសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិកនៃកងទ័ពនៅបរទេសរបស់សហរដ្ឋអាមេរិកមានប្រសាសន៍ថា កងទ័ពជើងទឹកយើងចូលរួមសមយុទ្ធលើកនេះ មានគោលដៅរួម ដើម្បីបង្កើនភាពត្រៀមជាស្រេច អន្តរប្រតិបត្តិការ និងផ្តល់ឱកាសពិសេសសម្រាប់ធ្វើការរៀនពីកងទ័ពកម្ពុជា ហើយបង្កើនសមត្ថភាពស្នូលរបស់ខ្លួនក្នុងការបំពេញបេសកកម្មក្រៅប្រទេស។

លោកថា នៅក្នុងសមយុទ្ធការ៉ាត់នេះ ភាគីទាំង២និងកងម៉ារីនផងនោះនិងរួមគ្នាហ្វឹកហ្វឺនទាំងផ្នែកបញ្ជាការ និងគ្រប់គ្រងយុទ្ធវិធីតាមអង្គភាពតូចៗដោយប្រតិបត្តិការលើគោក បង្ការជំងឹ ការជួសជុល និងប្រើប្រាស់ទូកសម្រាប់ប្រតិបត្តិការ។

លោកវរសេន៏យ៍ឯក Jeffrey Kilian មេបញ្ជាការនៃកងវរសេនាធំទី៣០ផ្នែកសំណង់ជើងទឹកមានប្រសាសន៍ថា សប្តាហ៍នេះនឹងរំពឹងថា មានឱកាសសម្រាប់ពង្រឹងទំនាក់ទំនងដ៏យូរលង់របស់យើងជាមួយកងយុទ្ធោពលខេមរភូមិន្ទ និងចាត់ទុកសមយុទ្ធនេះ ជាព្រឹត្តិការសំខាន់មួយធ្វើឲ្យប្រទេសទាំង២កាន់តែមានភាពជិតស្និតនឹងគ្នា ហើយជាគម្រូសម្រាប់កងកម្លាំងធ្វើការជាមួយគ្នាទាក់ទងនឹងអាទិភាពសន្តិសុខសមុទ្រ និងលើកកម្ពស់អន្តរប្រតិបត្តិការ។

លោកស្រី ជូ លីជុង (Ju Lie Chung) អនុប្រធានបេសកកម្ម ស្ថានទូតសហរដ្ឋអាមរិក ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការ៉ាត់ជាសមយុទ្ធទ្វេភាគី ដែលធ្វើជាបន្តបន្ទាប់ ដោយកងទ័ពជើងទឹក កងម៉ារីនអាមេរិក និងកងទ័ពបង់ក្លាដែស ប៊្រុយណេ កម្ពុជា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពីន សង្ហបុរី ថៃ និងទីម័រខាងកើត។
លោកស្រីបន្តថា ការ៉ាត់ឆ្នាំ២០១៦ ជាសមយុទ្ធដែលមានភាពស្មុគស្មាញបំផុត ជាង២ទសវត្សកន្លងមក សមយុទ្ធនេះបានធ្វើឲ្យកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ និងដៃគូនៅតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍មានភាពយូរអង្វែង។

លោក អ៊ុក សីហា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការមូលដ្ឋានសមុទ្រ បានថ្លែងនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនការរ៉ាត់ថា ឆ្លងកាត់បាន៥លើកនៃលំហាត់ហ្វឹកហ្វឺនការរ៉ាត់រួមគ្នា រវាងកងទ័ពជើងទឹកប្រទេសទាំងពីរ (កម្ពុជា-សហរដ្ឋអាមេរិក) សម្រេចបាន លទ្ធផល ជាទីមោទនលើលំហាត់ហ្វឹកហ្វឺន ការ៉ាត់ ប្រចាំឆ្នាំ វាមិនត្រឹមតែជួយលើកកម្ពស់សមត្ថភាព ចំណេះដឹង ដល់នាយនាវី ពលនាវី កងទ័ពជើងទឹកប្រទេសទាំងពីរនោះទេ ថែមទាំងបានជួយពង្រឹង និងពង្រីកចំណងសាមគ្គីភាព មិត្តភាព កិច្ចសហការល្អ រវាងប្រទេសទាំងពីរ ជាពិសេសបានធ្វើឲ្យកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ និងកងទ័ពជើងទឹកសហរដ្ឋអាមេរិក ឲ្យកាន់តែរឹងមាំថែមទៀត។
លោកបន្តថា បើយើងក្រឡេកមើលទៅលើផ្ទៃសមុទ្រ ទាំងដែនអធិបតេយ្យភាព ប្រទេសនីមួយៗ និងលំហសមុទ្រអន្តរជាតិ មានការប្រឈមទៅនឹងការគំរាមកំហែង ហានិភ័យជាច្រើន ដូចជាការប្លន់ប្រដាប់អាវុធ ចោរសមុទ្រ ការរត់ពន្ធរំសេវជាតិផ្ទុះ គ្រឿងញៀន ការចាប់ជំរិត ជួញដូរមនុស្ស និងភ័យន្តរាយផ្សេងៗ ពីគ្រោះធម្មជាតិ ជាច្រើនទៀត ដែលចាំបាច់ត្រូវតែមាន កិច្ចសហការល្អ ពីបណ្តាកងទ័ព ជើងទឹក ទាំងនៅក្នុង តំបន់ និងអន្តរជាតិ ក្នុងការចូលរួមត្រួតពិនិត្យឆែកឆេរ រុករកជួយសង្រ្គោះ និងការផ្តល់ជំនួយសង្រ្គោះបន្ទាន់នានា ក្នុងគោលបំណងរក្សាឲ្យបាននូវសុខសន្តិភាព ស្ថេរភាព សុវត្ថិភាព លើផ្ទៃសមុទ្រ៕

សមយុទ្ធយោធាសមយុទ្ធយោធាសមយុទ្ធយោធាសមយុទ្ធយោធាសមយុទ្ធយោធាសមយុទ្ធយោធាសមយុទ្ធយោធា

មតិយោបល់