ភ្នំពេញៈ ការដ្ឋានសងសង់អគារដ៏ធំនៅតាមបណ្តោយផ្លូវសហព័ន្ធរុស្សី ក្នុងទឹកដីសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលជាកន្លែងអតីតភោជនីយដ្ឋានស៊ីតធីខែត (CITY CAT Restaurant) ត្រូវបានឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត អនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងលោក មាស ចន្ទ័ពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ដឹកនាំកម្លាំងចុះត្រួតពិនិត្យពលករគ្មានច្បាប់ ដែលជាជនបរទេសចម្រុះជាតិសាសន៍ជាច្រើន។
ក្នុងប្រតិបត្តិការចុះបង្ក្រាបជនបរទេស ដែលលួចចូលមកប្រទេសកម្ពុជា ដោយគ្មានច្បាប់ និងគ្មានសៀវភៅការងារត្រឹមត្រូវខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០១៦។
ឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានឲ្យដឹងថា ក្រោយធ្វើការត្រួតពិនិត្យរួច សមត្ថកិច្ចបានរកឃើញពលករបរទេសចម្រុះជាតិសាសន៍ រួមមានជនជាតិវៀតណាម២នាក់ និងជនជាតិកូរ៉េ ម្នាក់ មានលិខិតស្នាមត្រឹមត្រូវ ក្នុងចំណោមកម្មករជិត២០០នាក់ ដែលបានត្រួតពិនិត្យ។ ករណីនេះផងដែរ លោកក៏បានអំពាវនាវ និងសុំឲ្យជនបទេសដែលស្នាក់នៅ និងធ្វើការសុំច្បាប់ និងគោរពច្បាប់ប្រទេសកម្ពុជាផង បើពុំនោះទេ សមត្ថកិច្ចនឹងចាត់វិធានការ ដោយពុំលើកលែងឡើយ។
ឧត្ដមសេនីយ៍ទោរូបនេះ បានបន្ថែមថា កន្លងមក លោកបានធ្វើការអំពាវនាវដល់ម្ចាស់រោងចក្រ សហគ្រាស សិប្បកម្ម និងការដ្ឋាននានា អស់ឲ្យបញ្ឈប់ការជួលកម្មករបរទេសដែលចូលមកដោយខុសច្បាប់មកធ្វើការបន្តទៀត បើពុំនោះទេ សមត្ថកិច្ចក៏នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ចំពោះអ្នករឹងទទឹងផងដែរ។
យោងតាមមាត្រា២៩ ច្បាប់ស្តីពីអន្តោប្រវេសន៍ បានចែងថា ជនបរទេសណា ដែលគ្មានការអនុញ្ញាត ហើយចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា ដោយលបលួច លាក់បន្លំ ឬល្បិចផ្សេងទៀត ដែលផ្ទុយពីបទបញ្ញត្តិ នៃច្បាប់នេះ ត្រូវផ្តន្ទាទោសដាក់គុកពី៣ ខែដល់៦ខែ មុននឹងបណ្តេញចេញ ត្រូវផ្តន្ទាទោស ដូចគ្នានឹងជនល្មើសចំពោះជនណាដែលផ្តល់ជំនួយ ឬជួយលាក់បាំងក្នុងការបញ្ចូលជនបរទេស ដែលគ្មានការអនុញ្ញាតមកក្នុងព្រះរាជាណាចក្រកម្ពុជា។ ចំពោះមន្ត្រី ឬភ្ញាក់ងាររាជការមានសមត្ថកិច្ចរូបណា ដែលជាអ្នកសមគំនិត ឬជួយសម្រួលក្នុងការប្រព្រឹត្តបទល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់គុកពី១ខែ ដល់១ឆ្នាំ ហើយមន្ត្រីរាជការមានសមត្ថកិច្ចរូបណា ដែលធ្វើមានការធ្វេសប្រហេស ខ្វះការប្រុងប្រយ័ត្ន ឬមិនគោរពបទបញ្ជា ត្រូវទទួលការផ្តន្ទាទោសផ្នែករដ្ឋបាល មធ្យោបាយ សម្ភារប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ត្រូវរឹបអូសទុកជាសម្បត្តិរដ្ឋដោយតុលាការ៕








មតិយោបល់