បាត់ដំបងៈ ប្រជាពលរដ្ឋ បាននាំគ្នាប្រតិកម្ម និងនិយាយថាល្បែងស៊ីសងភ្នាល់ចាក់បាល់ និងហ្គេមអ៊ិនធឺណេត ជាច្រើនកន្លែងនៅក្រុងបាត់ដំបង កំពុងតែពង្វក់ក្មេងសិស្សសាលា និងយុវវ័យ ឲ្យញៀនភ្លេចបាយ ភ្លេចទឹក គេចមិនចូលសាលា ហើយខាងអាជ្ញាធរនៅមិនទាន់មានចំណាត់ការទាល់តែសោះ។
យោងតាមប្រភពពីប្រជាពលរដ្ឋដែលរស់នៅក្នុងក្រុងបាត់ដំបង បានឲ្យដឹងថា ល្បែងស៊ីសងភ្នាល់ចាក់បាល់តាមអ៊ិនធឺណេត ជាច្រើនកន្លែងពិសេសល្បែងហ្គេម ដែលនៅចំណុចខាងលិចសាលាព្រះមុន្នីវង្ស ស្ថិតក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ដែលកំពុងពេញនិយម និងបានពង្វក់ក្មេងសិស្សសាលា យុវវ័យឲ្យញៀនភ្លេចបាយភ្លេចទឹក គេចមិនចូលសាលាថែមទាំងចេះលួចលុយឪពុកម្តាយទៀតផង។
ប្រភពដដែលបន្តថា កន្លងមកទីតាំងទាំងអស់នោះ ត្រូវសមត្ថកិច្ចចុះមកណែនាំ និងធ្វើកិច្ចសន្យាបិទម្តងរួចមកហើយ ក្រោយមកស្រាប់មានការត្រូវរ៉ូវគ្នា បន្តបើកលេងយ៉ាងគគ្រឹកគគ្រេង ២៤ម៉ោង លើ២៤ ម៉ោងដដែល។ ដោយមានការរិះគន់យ៉ាងខ្លាំងទៅលើ សមត្ថកិច្ចពាក់ព័ន្ធក្រុងបាត់ដំបងថាបានបណ្ដែតបណ្ដោយឲ្យមាន ល្បែងបង្កប់តាមប្រព័ន្ធអនឡាញ អ៊ិនធើណេត ជាច្រើនកន្លែង ត្រូវបានពលរដ្ឋលើកឡើងថា នាំឲ្យមានអំពើចោរកម្ម កើតមានឡើងជាបន្តបន្ទាប់ និងគួរឲ្យភ័យខ្លាចថែមទៀតផង។
តាមមតិសាធារណជន បានលើកឡើងទៀតថា ល្បែងស៊ីសងទាំងនោះ ត្រូវបានគេបង្ហាញថា ជាល្បែងតាម អនឡាញ អ៊ិនធើណេត ដែលភាគច្រើនគេ ដាក់យីហោ INTERNET២៤ម៉ោង។ ទោះបីជា មានល្បែងបង្កប់យ៉ាងនេះក្ដីអាជ្ញាធរ និងសមត្ថកិច្ច នៅមិនទាន់បង្ហាញពីស្នាដៃ បង្ក្រាបតាមបទបញ្ជារបស់ថ្នាក់លើនោះទេ។
អ្នកយកព័ត៌មាននៅមិនទាន់ទទួល បានការបកស្រាយ បំភ្លឺពីម្ចាស់អ៊ិនធើណេតខាងលើបាននៅឡើយទេ។ ពាក់ព័ន្ធករណីល្បែងអ៊ិនធើណេត រីកដុះដាលដូចផ្សិតនេះ គេមិនទាន់ដឹងថាមានមូលហេតុអ្វី បានជាសមត្ថកិច្ច ទុកឲ្យនៅយ៉ាងដូច្នេះ ហើយមិនហ៊ានបង្ក្រាបសោះ។
ប្រជាពលរដ្ឋសង្ឃឹមថា អាជ្ញាធរក៏ដូចជាសមត្ថកិច្ចនឹងចុះស្រាវជ្រាវនៅទីតាំងល្បែងខាងលើ ដើម្បីឈានដល់ការបង្ក្រាបឲ្យបានសម្រេចដោយជោគជ័យផងដែរ៕




មតិយោបល់