ព័ត៌មានជាតិ

សហរដ្ឋអាមេរិក នឹងដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាន នៅថ្ងៃទី១១ ខែកញ្ញា

 

(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងនឹងប្រកាសពីការដកកងទ័ពអាមេរិកដែលនៅសល់ ២,៥០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២១នេះ។

 

បើតាមមន្ត្រីជាន់អាមេរិកម្នាក់ លោក ចូ បៃដិននឹងប្រកាសពីការសម្រេចចិត្តរបស់លោកនៅថ្ងៃពុធសប្ដាហ៍នេះ (ម៉ោងនៅវ៉ាស៊ីនតោន) នៅឯសេតវិមាន។ ការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថាននឹងត្រូវចាប់ផ្ដើមនៅមុនថ្ងៃទី០១ ខែឧសភា ហើយនឹងបញ្ចប់ទាំងស្រុងនៅមុនថ្ងៃទី១១ ខែកញ្ញា ដែលជាកាលបរិច្ឆេទកំណត់។ ពោលគឺត្រូវចំថ្ងៃខួប២០ឆ្នាំនៃការវាយប្រហារមហាភេរវកម្មលើអគារពាណិជ្ជកម្មពិភពលោក World Trade Center និងមន្ទីរបញ្ចកោណកាលពីឆ្នាំ២០០១។

ការសម្រេចចិត្តរបស់លោក ចូ បៃដិន គឺផ្ទុយពីកាលបរិច្ឆេទនៃការដកកងទ័ពអាមេរិកចេញពីអាហ្វហ្គានីស្ថានដែលដំបូងឡើយត្រូវអនុវត្តនៅ
ថ្ងៃទី០១ ខែឧសភា ក្រោមកិច្ចព្រមព្រៀងសន្តិភាពសម្រេចបានដោយអតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងក្រុមតាលីបង់៕

Reuters៖ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១

មតិយោបល់