ព្រៃវែងៈ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្តព្រៃវែង មានពិធីប្រកាស ផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាល ខេត្តព្រៃវែង។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឧត្តមសេនីយ៍ឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ លោក ជា សុមេធី អភិបាល នៃគណៈអភិបាល ខេត្តព្រៃវែង និងប្រតិភូអមដំណើរមួយចំនួន ព្រមទាំងមានការ អញ្ជើញចូលរួមពីលោក លោកព្រះអាជ្ញារងអម សាលាដំបូងខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹកព្រៃវែង លោកអភិបាលស្រុក/ក្រុង លោក លោកស្រី ស្នងការរង លោកអធិការស្រុក ក្រុងទាំង១៣ ។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ ស្រេង ជា ស្នងការនគរបាលខេត្តព្រៃវែង បានអានរបាយការណ៍ស្វាគមន៍។ លោកឧត្តមសេនីយ៍ត្រី ឈឹម ថន អនុប្រធាននាយកដ្ឋានបុគ្គលិក បានអានព្រះរាជក្រឹត្យ និង ប្រកាសរបស់ក្រសួងមហាផ្ទៃស្តីពីការផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរស័ក្តិ មន្ត្រីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ចំនួន១២រូប ក្នុងនោះដំឡើងឋានន្តរសក្កិ ថ្នាក់វរសេនីយ៍ទោចំនួន១ស្នងការរង។
លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល បានបំពាក់ឋានន្តរស័ក្ដិ ប្រគល់ព្រះរាជក្រឹត្យ ប្រគល់ប្រកាស និងប្រគល់ត្រា ដល់មន្រ្តីនគរបាលជាតិ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែងរួចមក។
លោកវរសេនីយ៍ទោ កែវ រ៉េតមុន្នី ស្នងការរងដែលទើបតែងតាំងថ្មី តំណាងឲ្យមន្រ្តីនគរបាលជាតិ បានមានមតិចំណាប់អារម្មណ៍ និងប្តេជ្ញាចិត្ត។ មានប្រសាសន៍នាឱកាសនោះ លោក ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងលោកឧត្តមសេនីឯក ប៉ែន វិបុល ប្រធាននាយកដ្ឋានបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោកនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានថ្លែងអំណរគុណ និង កោតសរសើរដល់ កងកម្លាំង នគរបាលខេត្តព្រៃវែងទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំរើការងារយ៉ាងល្អ ជាពិសេសការរក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ បានល្អប្រសើ ។ លោកក៏បានធ្វើការផ្តាំផ្ញើរដល់មន្ត្រីនគរបាលត្រូវ តែយកចិត្តទុកដាក់ បន្ថែមទៀតលើការងារជំនាញរបស់ខ្លួន ត្រូវយកតួនាទីនេះ ទៅបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ និងមានសាមគ្គីភាពល្អក្នុង អង្គភាពជាពិសេសត្រូវសហការឲ្យបានល្អ ជាមួយអង្គភាពពាក់ព័ន្ធ។
លោកឧត្តមសេនីយ៍ឯក ប៉ែន វិបុល មានប្រសាសន៍ដល់កងកម្លាំង នគរបាលតាមបណ្តាអធិការដ្ឋានក្រុងស្រុក ត្រូវបំរើការងារជាផលប្រយោជន៏ដល់ប្រជាពលរដ្ឋឲ្យអស់ពីលទ្ធភាព។ លោកបានឲ្យគ្រប់អធិការ ស្រុក/ក្រុងបង្កើនការ យកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះស្រងស្ថិតិ បំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណគំរូថ្មី នៅតាមស្ថានីយ៍ចល័តក្នុង ភូមិ ឃុំ ដែលខ្លួនរស់ នៅ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និង អធិការដ្ឋាននគរបាលក្រុង ស្រុក ទាំង១៣ ឲ្យបានទាន់ពេលវេលា។
លោកនាយឧត្តមសេនីយ៍ អគ្គស្នងការរង បានបន្ថែមទៀតថា លោកស្នងការ ត្រូវប្រគល់តួនាទីភារៈកិច្ច មកបំពេញការងារ ជូនមន្រ្តីក្រោមឱវាទឲ្យប្រឹងប្រែងអនុវត្តន៍ការងារ អនុវត្តន៍ច្បាប់ឲ្យមានប្រសិទ្ធភាព និងតម្លាភាព ស្មោះត្រង់ចំពោះជាតិ ចំពោះព្រះមហាក្សត្រ និងប្រជាពលរដ្ឋ រក្សានូវវិន័យសេចក្តីថ្លៃថ្លូរ ក្នុងនាមជាមន្រ្តីនគរបាលជាតិមិនត្រូវ យកអំណាច ទៅប្រើប្រាស់ នូវអំពើខុសច្បាប់ ទៅគាបសង្កាត់ប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍របស់ខ្លួននោះឡើយ។
ត្រូវបន្តបើកវេទិការ សាធារណៈ ជាមួយប្រជាពលរដ្ឋឲ្យបានញឹកញាប់ និងផ្សព្វផ្សាយគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៩ចំណុច ឲ្យបានទូលំទូលាយ។ ត្រូវធ្វើការត្រួតពិនិត្យអាវុធ ជាតិផ្ទុះឲ្យបាន ជាប្រចាំ និងគ្រប់គ្រង ស្រាវជ្រាវ មុខសញ្ញា ដែលមានដីការចាប់ខ្លួន ដែលមាននៅក្នុង ភូមិសាស្ត្រ និងក្រៅ ភូមិសាស្ត្រ ដើម្បីធ្វើសកម្មភាពឆ្លើយតប ទៅនឹងសំណូមពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ ពិសេសនោះលោកបានសង្កត់ធ្ងន់ទៅនឹង៣ ចំណុច ដែលមន្រ្តីនគរបាលទាំងអស់ត្រូវតែអនុវត្ត គឺរួមគិត,រួមធ្វើ និងរួមទទួលខុសត្រូវ៕




មតិយោបល់