ភ្នំពេញៈ រថយន្ត៤៥តោនរបស់លោក ហាក់ម៉ៅ បើកកៀររថយន្តដឹកទឹកកក រងការខូចខាតទ្រុង និងទ្វារខាងឆ្វេងនៃរថយន្ត រួចមិនឈប់បើករត់ពីកន្លែងកើតហេតុចូលទៅក្នុងឃ្លាំងផ្ទេរទំនិញនៅខណ្ឌឫស្សីកែវ។ ហេតុការណ៍នេះកើតឡើងនៅពីម៉ោង១១និង៥នាទី ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុចមុខខារ៉ាអូខេប៊េសស្តា តាមផ្លូវ៥៩៨ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមសាក្សីបានប្រាប់ថា គេឃើញរថយន្តដឹកទឹកកក ម៉ាកកៃ ពណ៌ស ស្លាកលេខភ្នំពេញ 2AB-5890 ចតលើចិញ្ចើមផ្លូវពីត្បូងទៅជើង ខាងមុខខារ៉ាអូខេប៊េសស្តា ដើម្បីដាក់ទឹកកកទៅខាងក្នុងដូចសព្វដង ស្រាប់តែមានរថយន្តពណ៌ត្រីត្រេអី បើកបរពីត្បូងទៅជើងតាមបណ្តោយផ្លូវលេខ៥៩៨ លុះមកដល់ចំណុចកើតហេតុស្រាប់តែកៀររថយន្តដឹកទឹកកកនៅស្ងៀមអូស៤ទៅ៥ម៉ែត្រ ហើយមិនបានឈប់ចចារដោះស្រាយឡើយ គឺបានបន្តដំណើរទៅមុខរហូតដល់ចូលក្នុងឃ្លាំងមួយហួសស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញចម្ងាយ២០០ម៉ែត្រនៅខាងឆ្វេងដៃ ។
យោងតាមតៃកុងរថយន្តដឹកទឹកកកដែលមានឈ្មោះ ជិន ធីន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបើកបររថយន្តដឹកទឹកកក ស្នាក់នៅម្តុំត្រឡោកបែក សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា រឿងរ៉ាវដូចសាក្សីខាងលើបាននិយាយអញ្ចឹង ហើយគាត់បានបើករថយន្តដឹកទឹកកកដេញតាមមកដល់ខាងមុខឃ្លាំងមួយនៅហួសស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចម្ងាយប្រហែល២០០ម៉ែត្រ ដោយខាងតៃកុងរថយន្តធុនធំចំណុះ៤៥តោន បានចេញមកសងថ្លៃខូចខាតចំនួន៦០ដុល្លារ និងបាននិយាយថា យកមិនយកក៏ហីទៅ និងចាំដោះស្រាយជាមួយថៅកែរថយន្តឈ្មោះ ហាក់ ម៉ៅ រួចក៏ត្រឡប់ចូលទៅខាងក្នុងបាត់។
តៃកុងរថយន្ត បានរៀបរាប់អំពីដំណើររឿងចប់គាត់បាននិយាយថារថយន្តខូចទ្វារនិងទ្រុងដាក់ទឹកកក ដោយទាមទារសំណង១០០ដុល្លារទេ ហើយក៏បញ្ចុះតម្លៃត្រឹម៧០ដុល្លារតែខាងរថយន្តធុនធំមិនឲ្យដោយបានបោះពាក្យសម្តីយកឈ្មោះ ហាក់ ម៉ៅ មកកាង និងឲ្យទៅដោះស្រាយទៅវិញ។
តាមនគបាលមូលដ្ឋាននៃខណ្ឌឫស្សីកែវបានប្រាប់ថា រាល់សំដីខាងលើ គឺពិតជាអញ្ចឹងមែនតែលោកបានសម្របសម្រួលដើម្បីបញ្ចប់បញ្ហានៅកន្លែងកើតហេតុដែរ ដោយភាគីម្ខាងនៃរថយន្តធុនធំត្រឡប់ចូលទៅវិញបាត់ស្រមោល និងភាគីរថយន្តដឹកទឹកកកនៅខាងក្រៅមុខឃ្លាំងរង់ចាំរហូតដល់ម៉ោង២រសៀលមិនទាន់មានដំណោះស្រាយទៀត ។
សូមបញ្ជាក់ផងដែរថា ករណីគ្រោះថ្នាក់ចរាចរណ៍នៅសង្កាត់បឹងកក់២ខណ្ឌទួលគោក រត់មកចូលឃ្លាំង នៅខណ្ឌឫស្សីកែវ បើគិតអំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ភាគីបង្កហេតុរត់ចេញពីកន្លែងកើតហេតុខុសមួយករណីទៀត ទោះមានចេតនាឬគ្មានចេតនាក៏ដោយ។ ហើយនេះរថយន្តសណ្តោងរ៉ឺម៉ក ប្រភេទដឹកទំនិញដល់ទៅ៤៥តោនចូលក្រុងទាំងព្រឹកដូចមិនគោរពច្បាប់សោះឡើយ ទើបានជាតាមបណ្តោយផ្លូវ៥៩៨ មានសភាពខូចធ្ងន់ធ្ងរពិបាកធ្វើដំណើរអាចបណ្តាលឲ្យគ្រោះថ្នាក់ជាយថាហេតុផងនោះ៕
មតិយោបល់