កណ្ដាលៈ នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ មន្ត្រីពន្ធនាគារខេត្តកណ្តាល បានបញ្ជូនអ្នកទោស ពីបទលួច វាយអ្នកទោស ពីបទមនុស្សឃាត សន្លប់នៅក្នុងពន្ធនាគារដោយសាររឿងចោទសេពគ្រឿងញៀននៅក្នុងពន្ធនាគារមកសាកសួរនៅតុលាការខេត្តកណ្តាល ។
សូមរំឭកដែរថា អ្នកទោសម្នាក់ជាប់ចោទពីបទលួចបានវាយ អ្នកទោសម្នាក់ទៀត ជាប់ចោទ ពីបទមនុស្សឃាត បណ្ដាលឲ្យសន្លប់ស្តូកស្តឹង រងរបួសធ្ងន់ ខណៈពេលដែល មន្ត្រីអនុរក្សពន្ធនាគារ បញ្ចេញពីក្នុងទ្រុងមកឲ្យងូតទឹកមិនប្រយត្ន័ ក្នុងរបងពន្ធនាគារ ខេត្តកណ្ដាល កាលពីម៉ោង៩ និង១០នាទីព្រឹក ថ្ងៃទី១៨កក្ដដា។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថាជនសង្ស័យ ដែលបានឃាត់ខ្លួន ជាទណ្ឌិត ជាប់ចោទពីបទលួច ឈ្មោះយូ សេងលី ភេទប្រុស អាយុ២៦ឆ្នាំ មានស្រុកកំណើតនៅទីភូមិសំរោង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្នកំពុងជាប់ឃុំនៅ ក្នុងពន្ធនាគារខេត្តកណ្តាល ត្រូវបាននគរបាល ក្រុងតាខ្មៅ ឃាត់ខ្លួន និងកសាងសំណុំរឿង បន្ថែមពីលើទោសដែលមានស្រាប់។ ចំណែកជនរងគ្រោះឈ្មោះ ម៉ិច ឡុង ភេទប្រុស អាយុ៣៣ឆ្នាំ ស្រុកកំណើតនៅ ភូមិកូនជ្រៃ ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល បច្ចុប្បន្ន កំពុងជាប់ឃុំក្នុងពន្ធនាគារខេត្តកណ្តាល (ទណ្ឌិត)ជាប់ពីបទមនុស្សឃាត ។
មន្ត្រីនគរបាលបានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា មូលហេតុ នាំឲ្យមានអំពើហិង្សានេះ គឺដោយសារជនសង្ស័យ ចោទជនរងគ្រោះថា បាននិយាយដើមខ្លួន ថាប្រើប្រាស់គ្រឿងញៀននៅក្នុងពន្ធនាគារ ។លុះនៅវេលាកើតហេតុខាងលើ ពេលដែលជនរងគ្រោះកំពុងតែឈរនៅក្បែរ របងអគារ ពេលនោះស្រាប់តែជនជនសង្ស័យដែល ខាងអនុរក្សពន្ធនាគារ បញ្ចេញឲ្យមកងូតទឹកនៅក្រៅអាគារឃុំខ្លួន បានដើរទៅពីក្រោយខ្នងជនរងគ្រោះហើយបានវាយទៅលើជនរងគ្រោះមួយដៃចំមុខនិងធាក់មួយជើង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទៅលើជញ្ជាំងអាគារពកក្បាលចំហៀងខាងឆ្វេងសន្លប់បាត់ស្មារតី ហើយត្រូវបានអនុរក្សពន្ធនាគារ បញ្ជូនទៅព្យាបាលនៅឯមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ រីឯជនសង្ស័យត្រូវបានឃាត់ខ្លួន បញ្ចូលទៅក្នុងអាគារឃុំខ្លួនវិញ ដើម្បីកសាងសំណុំរឿងផ្តន្ទាទោស បន្ថែមតាមនីតិវិធី។
សូមបញ្ជាក់ថា នៅក្នុងពន្ធនាគារខេត្តកណ្តាល សំបូរទៅដោយអ្នកទោសប្រព្រឹត្តអំពើរខុសច្បាប់ជាច្រើន និងមានបើកដៃពីមន្ត្រីពន្ធនាគារផងថែមទៀត៕
https://youtu.be/1FRMFEwwlH4
មតិយោបល់