ភ្នំពេញៈ បុរសជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ត្រូវបានកម្លាំងកងអង្គរក្សចាប់ឃាត់ខ្លួន និងបញ្ជាឲ្យលុបរូបភាពមួយចំនួនចេញពីម៉ាស៊ីនថតផងដែរ ក្រោយពេលដែលពួកគេបាននាំគ្នាប្រើប្រាស់ម៉ាស៊ីនថតប្រភេទ Drone មកមកបង្ហោះថតរូបភាពនៅជុំវិញភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាតំបន់ហាមឃាត់នោះ។ ការចាប់ឃាត់ខ្លួននេះដែរ បានធ្វើឡើងកាលពីវេលាម៉ោង១១និង៥៣នាទីថ្ងៃត្រង់ ទី៣១ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចណុចលើសួនច្បារវិមានឯករាជ្យ(ខាងមុខភូមិគ្រឹះ) ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
តាមប្រភពព័ត៌មានពីមន្ត្រីនគរបាលប្រាប់ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសអ្នកទេសចរជនជាតិម៉ាឡេស៊ីចំនួន៤នាក់ ប្រដាប់ដោយម៉ាស៊ីនថតគ្រប់ដៃ បានដើររថតទេសភាពនៅលើសួនច្បារវិមានឯករាជ្យផ្នែកខាងកើត គឺចំខាងមុខភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាមតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាតែម្តង។ តែការដើរផ្តិតយករូបភាពរៀងៗខ្លួនដោយម៉ាស៊ីនថតដៃនោះ គឺធ្វើឡើងដោយមិនមានការហាមឃាត់ឡើយ ព្រោះពួកគេជាភ្ញៀវទេសចរណ៍ដែលបានចូលមកលេងកំសាន្តនៅស្រុកយើង មិនតែប៉ុណ្ណោះក៏ស្រាប់តែមានម្នាក់ក្នុងចំណោមគ្នាពួកគេទាំង៤នាក់ បានយកម៉ាស៊ីនថតប្រភេទ Drone មកបង្ហោះថតយករូបភាពពីលើអាកាសថែមទៀត។
តាមប្រភពដដែលឲ្យដឹងទៀតថា ការបង្ហោះម៉ាស៊ីនថតប្រភេទ Drone របស់ពួកគេនោះ ក៏បានបង្ហោះថតយករូបភាពមួយចំនួនពីលើភូមិគ្រឹះរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទៀតផង ហើយក៏ត្រូវក្រុមកងអង្គរក្សដែលយាមនៅទីនោះធ្វើការហាមឃាត់បញ្ឈប់ការថតរបស់គេនោះតែម្តង។ ក្រោយពេលដែលកម្លាំងកងអង្គរក្សបានឃាត់ខ្លួនអ្នកទេសចណ៍ជនជាតិម៉ាឡេស៊ីទាំង៤នាក់នោះ រួចហើយកម្លាំងកងអង្គរក្សក៏បានធ្វើការណែនាំ និងតម្រូវឲ្យពួកគេលុបរូបភាពមួយចំនួនដែលជាប់ពាក់ព័ន្ធទៅនឹងទីតាំងដែលត្រូវហាមឃាត់ផងដែរ និងជាពិសេស គឺរូបភាពថតពីលើភូមិគ្រឹះតែម្តង។
ក្រោយពេលឃាត់ខ្លួនបុរសអ្នកទេសចរជនជាតិម៉ាឡេស៊ីទាំង៤នាក់ សាកសួរ ណែនាំ និងតម្រូវឲ្យលុបរូបភាពមួយចំនួន ដែលពួកគេបានថតដោយម៉ាស៊ីនថតប្រភេទ Drone ដែលពាក់ព័ន្ធទៅនឹងតំបន់ហាមឃាត់មួយចំនួនរួចហើយនោះ ទើបកម្លាំងកងអង្គរក្សអនុញ្ញាតឲ្យពួកគេត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់