ភ្នំពេញៈ បុរសម្នាក់ បើករថយន្តម៉ាកហ្គេនតូ សណ្តោងរម៉ក ក្នុងល្បឿនលឿន ងោកមួយភាំង ក៏រេចង្កូតឡើងលើខឿនទ្រូងផ្លូវ ជ្រុលទៅបុកជាមួយនឹងបង្គោលភ្លើងបណ្តាលឲ្យបាក់រងការខូចខាតមួយដើម សំណាងល្អគ្មានអ្នករបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទី យប់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅចំណុចមុខឃ្លាំងសម្ភាៈសំណង់យីហោ គិត ឃន ដែលមានទីតាំងតាមបណ្តោយផ្លូវហានណូយ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តបង្កម៉ាក ហ្គេនតូ ពណ៌ទឹកក្រូច ពាក់ស្លាកលេខ កំពង់ធំ 3A-1866 បើកបរតាមបណ្តោយផ្លូវហានណូយ ក្នុងទិសដៅពីត្បូងទៅជើង ដោយល្បឿនយ៉ាងលឿនដូចហោះ ខណៈពេលមកដល់ចំណុចកើតហេតុ តៃកុងរថយន្តបានងងុយដេក ក៏ងោកមួយភាំង ជ្រុលចង្កូតរថយន្តឡើងលើឃឿនទ្រូងផ្លូវទៅបុកផ្ទប់ជាមួយនឹងបង្គោលភ្លើងយ៉ាងពេញទំហឹង បណ្តាលឲ្យបាក់រាបមួយដើមដល់ដី។ ចំនែករថយន្តវិញក្បាលរថយន្តវល់មួយជុំ ជាប់គាំងក្បាលមកក្រោយ ទៅមុខលែង រួចសំណាងល្អហើយមិនមានរងរបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ ហើយភ្លាមៗនោះដែលតៃកុងរថយន្តបានចុះចេញពីរថយន្តហើយរត់គេចខ្លួនបាត់ស្រមោល។
ក្រោយពេលកើតហេតុរថយន្តបង្កត្រូវសមត្ថកិច្ចចរាចរណ៍វាស់វែង ចុះមកធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាពេលក្រោយតាមផ្លូវច្បាប់៕
មតិយោបល់