ស្វាយរៀងៈ យ៉ាងហោចណាស់មានកម្មករកម្មការនី៨នាក់ ក្នុងនោះស្ត្រីពោះធំម្នាក់ បានរងរបួសធ្ងន់ស្រាលដោយសាររថយន្តដឹកពូករបស់ក្រុមហ៊ុនថៃបុកជាមួយរថយន្តដឹកកម្មករយ៉ាងពេញទំហឹង បានចាក់កម្មករដួលរណូករណែលពេញផ្លូវ ត្រូវបានកម្លាំងសមត្ថកិច្ចហៅរថយន្តសង្គ្រោះដឹកទៅមន្ទីពេទ្យខេត្តដើម្បធ្វើសង្គ្រោះ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីព្រឹក ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅចំណុចផ្លូវបំបែកជាបួនបេនឡានស្វាយរៀង ក្នុងសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។
សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុការនេះ គេឃើញរថយន្តដឹកពូកបើកបរពីត្បូងទៅជើងយ៉ាងលឿន ស្រាប់តែមកដល់ផ្លូវបំបែកបេនឡានក៏វ៉ាក់ជាមួយរថយន្តដឹកកម្មករបើកពីកើតទៅលិច បុកពេញទំហឹងក្រឡាប់រថយន្តដឹកកម្មករដួលបោកទង្គិចគ្នារងរបួសធ្ងន់ស្រាលជាច្រើននាក់ ក្នុងនោះមាន៣នាក់របួសធ្ងន់ និង៥នាក់របួសស្រាល។
ក្រោយពីកើតហេតុ កម្លាំងនគរបាលនៃអធិការដ្ឋានក្រុងស្វាយរៀង ចុះអន្តរាគមន៍ហៅរថយន្តសង្គ្រោះដឹកជនរងគ្រោះទៅកាន់មន្ទីរពេទ្យខេត្ត និងនាំរថយន្តទាំង២គ្រឿងទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងរងចាំការដោះស្រាយនៅពេលក្រោយ។ អ្នកឃើញហេតុការនេះបានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីរថយន្តដឹកពូកថៃដែលបើកលឿននៅចំណុចផ្លូវបំបែកខ្វះការប្រុងប្រយ័ត្ន៕
មតិយោបល់