បាត់ដំបងៈ មន្ត្រីប៉េអឹមម្នាក់ បានទាញកាំភ្លើងបាញ់ប្រហារយុវជនម្នាក់គ្មានអាសូរ បណ្តាលឲ្យរបួសធ្ងន់បាក់ជើងឆ្វេង គ្រាន់តែរឿងស៊ីផ្លេម៉ូតូនៅមុខផ្ទះរបស់គាត់។
ករណីបាញ់ប្រហារនេះ បានកើតឡើងកាលវេលា ម៉ោង១១និង៣០នាទីយប់ថ្ងៃទី៣១ ខែតុលា ២០១៦ ស្ថិតនៅចំណុចក្រុមទី១៧ ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង។
ជនរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា មុនកើតហេតុខ្លួនបានជិះម៉ូតូម៉ាកហុងដា c125 ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1R-9430 មានចាប់ដែកទុកសម្រាប់សណ្តោងរ៉ឺម៉កពីលើ ពេលជិះទៅដល់ចំណុចកើតហេតុ ចំមុខផ្ទះជនដៃដល់ជាមន្ត្រីប៉េអឹម ហើយខ្លួនបានចុចស៊ីផ្លេម៉ូតូ ដើម្បីហៅសង្សារខ្លួន ដែលស្នាក់នៅបន្ទាប់ផ្ទះជួលក្បែរកន្លែងកើតហេតុខាងលើ ក៏ស្រាប់តែមន្ត្រីប៉េអឹមរូបនោះ បានបាញ់ប្រហារមកលើខ្លួន ខណៈកំពុងជិះនៅលើម៉ូតូ។
ព្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍បានប្រាប់ថា នៅពេលជនដៃដល់ជាមន្ត្រីប៉េអឹមបាញ់ជនរងគ្រោះត្រូវ១គ្រាប់ បណ្តាលឲ្យរងរបួសធ្ងន់ហើយនោះ ជនដៃដល់បានបាញ់មួយគ្រាប់ទៀត ប៉ុន្តែសំណាងដោយកាំភ្លើងមិនផ្ទុះ ហើយពេលនោះជនរងគ្រោះ បានរត់ចូលក្នុងបន្ទប់សង្សារ ដើម្បីសុំឲ្យគេជួយ ក៏ប៉ុន្តែគ្រប់គ្នាមិនហ៊ានចេញមកទេ បានត្រឹមអើតមើល និងទាក់ទងទូរស័ព្ទទៅសមត្ថកិច្ចតែប៉ុណ្ណោះ។
បន្ទាប់ពីមន្រ្តីប៉េអឹមខេត្តបានបាញ់ប្រហារហើយ ភ្លាមៗនោះពលរដ្ឋហើយ លោក ឡាច វ៉ាន់ ជាប៉េអឹមក្នុងទីបញ្ជារការកងរាជអាវុធខេត្ត ត្រូវជាមេរបស់ជនដៃដល់ បានយកម៉ូតូមកឌុបរំដោះជនបង្កចេញពីកន្លែងកើតហេតុភ្លាមៗផងដែរ គឺឌុបចេញស្របពេល លោក ឈឿង គឹមសុង ដឹកនាំក្រុមបង្ការបង្ក្រាប ចូលទៅដល់កន្លែងកើតហេតុ គឺលោក ឡាច វ៉ាន់ ឌុបកូនចៅរបស់ខ្លួនរំដោះចេញតែម្តង។
ចំណែក លោក ឈឿង គឹមសុង នៅពេលដឹកនាំក្រុមបង្ការបង្ក្រាបចុះទៅដល់កន្លែងកើតហេតុហើយនោះ បានត្រឹមសាកសួរ និងប្រមូលវត្ថុតាង និងជួយបញ្ជូនជនរងគ្រោះមកសង្រ្គោះនៅមន្ទីពេទ្យ(ព២)ប៉ុណ្ណោះ។
ជនដៃដល់ដែលជាមន្រ្តីប៉េអឹម មានឈ្មោះ ភៀន ហើយត្រូវបានគេអះអាថា មន្រ្តីរូបនេះបានយកតួនាទីរបស់ខ្លួនកាងឲ្យប្រពន្ធលក់កន្ទុយលេខ។ ចំណែកជនរងគ្រោះឈ្មោះ ព្រឿង រដ្ឋា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាចុងភៅ នៅក្នុងសណ្ឋាគារ (ក្លាស់ស៊ី) មានទីលំនៅ ភូមិស្តី ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ក្រុងបាត់ដំបង។
ដោយឡែកក្រុមគ្រូពេទ្យបានដឹងថា ប្រហែលក្បាលគ្រាប់បៀមចូលក្នុងឆ្អឹងជើងជនរងគ្រោះ ប៉ុន្តែមិនទាន់ច្បាស់ទេ ចាំមើលក្រោយវះកាត់ជាក់ស្តែងសិន។
លោក អនជ្រី សៅមណ្ឌល មេបញ្ជាការកងរាជអាវុធហត្ថខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ២០១៦នេះ បន្ទាប់ពីចុះទៅមើលកន្លែងកើតហេតុ លោកបានប្រាប់ឲ្យដឹងថា “វាជាមន្ត្រីប៉េអឹមអត់ការងារធ្វើបាញ់ប្រជាពលរដ្ឋ វាសំតែជាប់គុក”៕
https://youtu.be/9u05jboa8YI
មតិយោបល់