ភ្នំពេញៈ បើតាមអ្នកនាំពាក្យរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី ឲ្យដឹងនៅព្រឹកថ្ងៃទី១ ខែវិច្ឆិកានេះថា អាជ្ញាធរកម្ពុជា បានធ្វើការសហការជាមួយអាជ្ញាធរប្រទេសវៀតណាម និងចិន ធ្វើការសង្គ្រោះកម្មករនេសាទខ្មែរ និងស្ត្រីរងគ្រោះពីរនាក់ ឲ្យបានត្រឡប់មកផ្ទះវិញ។
ជនរងគ្រោះទាំងពីរ រួមមាន ទី១- ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមីញ ប្រទេសវៀតណាម បានសហការជាមួយអាជ្ញាធរ វៀតណាម ជួយពលរដ្ឋខ្មែរ ឈ្មោះ ន.ណ អាយុ២០ឆ្នាំ មានស្រុកកំណើតនៅខេត្តកណ្តាល ដែលជាកម្មករលើនាវានេសាទថៃ ឲ្យបានត្រឡប់មកកម្ពុជាវិញ។ កម្មកររូបនេះ បានធ្លាក់ពីនាវានេសាទ ហើយរសាត់អណ្តែតក្នុងសមុទ្រ ត្រូវបានអ្នកនេសាទវៀតណាម នៅខេត្តកាម៉ៅ ជួយសង្រ្គោះ រួចបញ្ជូនដល់ដីគោកខេត្តកាម៉ៅ នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៦ ហើយអាជ្ញាធរមានសមត្ថកិច្ចវៀតណាម បានផ្តល់កន្លែងស្នាក់នៅ និងអាហារបរិភោគ។
ស្ថានអគ្គកុងស៊ុលកម្ពុជា បានទទួលយកពលរដ្ឋខ្មែរ រូបនេះ នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ ហើយ គ្រោងធ្វើមាតុភូមិនិវត្តន៍មកកម្ពុជាវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិបាវិត នៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៦។
ទី២- ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសចិន បានសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចចិន និងអង្គការអន្តរជាតិទេសន្តប្រវេសន៍ (IOM) រៀបចំមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរ ឈ្មោះ ស.ច អាយុ២៩ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពង់ចាម ដែលត្រូវបានប៉ូលិសឃាត់ខ្លួន ដោយសារទិដ្ឋាការស្នាក់នៅហួសសុពលភាព។ ស្រ្តីខ្មែររូបនេះ ជាជនរងគ្រោះ ដោយបានចាញ់បោកមេខ្យល់ ដែលលួងលោមយកទៅដើរកម្សាន្តនៅប្រទេសវៀតណាម និងទីក្រុងហុងកុង ហើយចុងក្រោយតម្រូវឲ្យរៀបការជាមួយបុរសជនជាតិចិន។ ស្រ្តីរងគ្រោះពុំដែលទទួលរងការធ្វើទារុណកម្ម ឬអំពើហិង្សាពីក្រុមគ្រួសាររបស់បុរសចិននោះទេ។
ស្រ្តីឈ្មោះ ស.ច បានមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១១៖៣០នាទីយប់ តាមជើងយន្តហោះលេខCZ323៕
មតិយោបល់