ព្រៃវែងៈ កម្លាំងនគរបាលព្រហ្មទណ្ឌខេត្តព្រៃវែង បានបង្ក្រាបអ្នកលេងអាប៉ោងមួយកន្លែង កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ នៅ ក្នុងភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីមានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋហើយនោះ សមត្ថកិច្ចក៏បានចុះប្រតិបត្តិការរហូតឈានដល់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ សុន រី ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅក្នុងភូមិថ្មី ឃុំដូនកឹង ស្រុកកំចាយមារ ខេត្តព្រៃវែង ព្រមទាំងសម្ភារៈមួយចំនួនដូចជា ចានបាញ់អាប៉ោងចំនួន២ ចានទ្របាញ់អាប៉ោង១ គម្របចានអាប៉ោងចំនួន១ មេអាប៉ោងចំនួន៣គ្រាប់ ហាន់តោ(ផ្ទាំងលេខសម្រាប់ចាក់)ចំនួន១ ស្បែកជើងចំនួន៤គូកន្លះ កូនកៅអីឈើអង្គុយបាញ់អាប៉ោងចំនួន១ និងប្រាក់ចំនួន១១២ ៥០០រៀល(ដប់មួយម៉ឺនពីរពាន់ប្រាំរយរៀល)។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែងដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់