បន្ទាយមានជ័យៈ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បន្ទាប់ពីបើកម៉ូតូឡើងជែងមិនផុតទាក់ដៃម៉ូតូទៅនឹងទ្រុងគោយន្តកន្ត្រៃដួលខ្ទាត ទៅម្ខាងផ្លូវត្រូវរថយន្តមកពីមុខកិនបែកមួកសុវត្ថិភាពស្លាប់តែម្តង។
ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៦ លើកំណាត់ផ្លូវជាតិលេខ៥៦ ត្រង់ចំណុចផ្លូវបំបែកចូលភ្នំចង្ក្រានយក្ស ក្នុងភូមិកសិណ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
នគរបាលស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ សុខ ខុន ហៅ ដា ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិបន្ទាយឆ្មារត្បូង ឃុំបន្ទាយឆ្មារ បានបើកម៉ូតូម៉ាកវេវអី ពណ៌ក្រហម ខ្មៅគ្មាន ស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុបានបើកឡើងជែងនឹងគោយន្តកន្ត្រៃដែលនៅពីមុខ បណ្តាលឲ្យទាក់នឹងទ្រុងគោយន្តដួលម៉ូតូ ហើយជនរងគ្រោះខ្ទាតទៅម្ខាងថ្នល់ ក៏ត្រូវរថយន្តតូយូតាបាឡែង ពណ៌ទឹកមាសពាក់ស្លាកលេខ បាត់ដំបង2A-8023 មកពីមុខកិនចំពេញទំហឹង បណ្តាលឲ្យស្លាប់នៅនឹងកន្លែងសូម្បីតែមួកសុវត្ថិភាពរបស់ជនរងគ្រោះក៏ត្រូវបែកខ្ទេច។ ចំណែក រថយន្តរ៉េចង្កូតធ្លាក់ចេញពីផ្លូវហើយម្ចាស់ក្រោយពីកើតហេតុ បានដាក់មេប្រូចបាត់។
ក្រោយកើតហេតុ បន្ទាប់ពីសមត្ថកិច្ចធ្វើការវាស់វែងចប់បានប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តនិងម៉ូតូត្រូវបាននាំយកមករក្សាទុកនៅអធិការស្រុក ដើម្បីចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់