ស្វាយរៀងៈ ក្រោយពីព័ត៌មានបឋម បានផ្សាយផ្សេងៗគ្នាថា មានកម្មករជាង៣០នាក់រងរបួសធ្ងន់ស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍នៅក្នុងក្រុងបាវិត កាលពីព្រឹកមិញហើយនោះ ពេលនេះ ប៉ូលិសបានបញ្ជាក់ជាផ្លូវការថា មានកម្មកររហូតដល់ទៅជាង៧០នាក់ឯណោះ ដែលរងរបួស។
ស្នងការនគរបាលខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ កឹង ឃន បានប្រាប់អង្គភាពសារព័ត៌មាន Post News ថា កម្មករ៧៣នាក់ បានរងបួសនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កាលពីព្រឹកមិញ ក្នុងនោះមាន៧នាក់របួសធ្ងន់ ហើយពួកគេក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តផងដែរ។
បើតាមលោក កឹង ឃន “ដោយសារតែឡានកម្មករបើកជែងក្នុងស្ថានភាពគ្រោះថ្នាក់ ទើបធ្វើឲ្យកម្មកររងគ្រោះបែបនេះ”។ លោកស្នងការចាត់ទុកថា រថយន្តដឹកកម្មករជាអ្នកបង្កហេតុ ដោយបើកជែងស្តាំរថយន្តកុងតឺន័ររហូតធ្វើឲ្យរថយន្តកុងតឺន័រកៀរអស់ជញ្ជាំងរថយន្តដឹកកម្មករ១ផ្ទាំង ទើបធ្វើឲ្យកម្មករធ្លាក់ និងរងរបួសជាច្រើននាក់។
ទោះជាយ៉ាងណា ករណីនេះ លោកស្នងការសុំសំណូមពរដល់រថយន្តដឹកកម្មករទាំងឡាយ សូមឲ្យមានការប្រុងប្រយ័ត្ន មិនត្រូវបើកបរក្នុងល្បឿនលឿន វ៉ា ឬជែងក្នុងស្ថានភាពគ្រោះថ្នាក់ឡើយ ពីព្រោះគ្រោះថ្នាក់អាចកើតឡើងគ្រប់ពេល ប្រសិនបើយើងធ្វេសប្រហែស។
សូមបញ្ជាក់ថា កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យកម្មករជាច្រើននាក់រងរបួស។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មានរថយន្តដឹកកម្មកររោងចក្រ១គ្រឿងបើកបរពីលិចទៅកើត ខណៈដែលមកដល់ចំណុចកើតហេតុខាងលើស្រាប់តែជ្រុលទៅបុកគូទរថយន្តកុងតឺន័រដែលបើកស្របទិសគ្នាពេញទំហឹង បណ្តាលឲ្យកម្មករកម្មការនីជិះក្នុងរថយន្តទង្គិចគ្នារហែកជញ្ជាំងរថយន្ត ធ្លាក់កម្មករដួលរណូករណែលពេញផ្លូវ ហើយត្រូវបានកម្លាំងសមត្ថកិច្ចហៅរថយន្តសង្គ្រោះ ដឹកកម្មកររងរបួសទៅកាន់មន្ទីរពេទ្យជីភូក្រុងបាវិត៕
https://youtu.be/A5k4LlrUuTo
មតិយោបល់