បន្ទាយមានជ័យៈ ជនសង្ស័យប្រុសស្រីចំនួន៩នាក់ មានជនជាតិថៃ និងខ្មែរ ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បញ្ជូនខ្លួនមកបញ្ជាការដ្ឋានអាវុធហត្ថខេត្តដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ កាលពីរសៀលថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត បានឲ្យដឹងថា ជនសង្ស័យខាងលើត្រូវបានឃាត់ខ្លួនពីបទឆបោកប្រាក់ចំនួន៥០៦ ២០០ដុល្លារ ប្រព្រឹត្តនៅចំណុចបរិវេណកាស៊ីណូផ្កាយ៥ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយជនសង្ស័យជាបុគ្គលិកក្រុមហ៊ុន(T.CLUB) ទី១.ឈ្មោះ ថៈរៈសិ វិវេវ៉ាន ភេទប្រុស អាយុ៣១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងបាងកក ប្រទេសថៃ ទី២.ឈ្មោះ ណាត់ ឆៃយ៉ា ភេទស្រី អាយុ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្នខេត្តឈុនបូរី ប្រទេសថៃ ទី៣.ឈ្មោះ ដេឆា ខៀវផឹក ភេទប្រុស អាយុ២៣ឆ្នាំរស់នៅខេត្តអុប៊ុនរាជធានី ប្រទេសថៃ ទី៤.ឈ្មោះផាវីឡាក់តិភូមិ ភេទប្រុស អាយុ៣៧ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងបាងកក ប្រទេសថៃ ទី៥.ឈ្មោះ សៃថាន ថាវ៉ន ភេទស្រី អាយុ២០ឆ្នាំ ទីលំនៅបច្ចុប្បន្ន ខេត្តឈុនបូរី ប្រទេសថៃ ទី៦.ឈ្មោះ កាន់ ចៈនា ឡាក់ម៉ាយស៊ី ភេទស្រី អាយុ ២៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងបាងកក ប្រទេសថៃ ទី៧.ឈ្មោះ សៀង គឹមសៀក ភេទស្រី អាយុ ២២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងប៉ោយប៉ែត ទី៨.ឈ្មោះម៉ៅ ស្រីមុំ ភេទស្រី អាយុ៣២ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងប៉ោយប៉ែត និងទី៩.ឈ្មោះសួន សៃយ៉ា ភេទស្រីអាយុ ២៥ឆ្នាំ ទីលំនៅបច្ចុប្បន្ន ក្រុងប៉ោយប៉ែត។
លោក បានបន្ដថា មូលហេតុដែលនាំឲ្យមានការឃាត់ខ្លួននេះ ដោយសារតែ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៦ក្រុមហ៊ុន(T.CLUB) ខាងលើបានបើកការផ្សព្វផ្សាយ ដែលមានទីតាំងនៅបរិវេណកាស៊ីណូផ្កាយ៥ក្រុងប៉ោយប៉ែត ឲ្យប្រជាពលរដ្ឋយកប្រាក់មកដាក់នៅក្នុងក្រុមហ៊ុន អាចទទួលបានការប្រាក់ខ្ពស់ ទៅតាមសាច់ប្រាក់ដែលបានដាក់ក្នុងក្រុមហ៊ុន ក្រោយមកប្រជាពលរដ្ឋបាននាំគ្នាយកប្រាក់មកដាក់ក្នុងក្រុមហ៊ុនជាច្រើនរយនាក់ តាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុន T.ClUB រហូត រយៈពេល៤សប្ដាហ៍ចុងក្រោយ គឺក្រុមហ៊ុនមិនបានទទួលខុសត្រូវតាមការសន្យា ហើយបានផ្ដាច់ការទាក់ទងជាមួយប្រជាពលរដ្ឋ ទើបប្រជាពលរដ្ឋមានចំនួន១៣១នាក់ បានមកដាក់ពាក្យបណ្ដឹងនៅមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត ឲ្យជួយរកដំណោះស្រាយជូនពួកគាត់ទើបសមត្ថកិច្ចបានធ្វើការស្រាវជ្រាវចាត់ការរឿងនេះ។
សូមបញ្ជាក់ថា ក្រុមហ៊ុនT.ClUB ជាក្រុមហ៊ុនបើកល្បែងស៊ីសងជ្រកក្រោមកាស៊ីណូផ្កាយ៥ ហើយបានឲ្យគេចូលហ៊ុន។ ករណីនេះ សង្ស័យតែក្រុមហ៊ុន មានបញ្ហាជាមួយខាងក្រុមហ៊ុនកាស៊ីណូ ទើបបង្កឲ្យមានបញ្ហារហូតមានការឃាត់ខ្លួនជនសង្ស័យខាងលើ ព្រោះថា កន្លងមកការបើកល្បែងស៊ីសង ឬបញ្ហាអ្វីក្នុងបរិវេណកាស៊ីណូ បើខាងក្រុមហ៊ុនកាស៊ីណូមិនប្តឹងពុំនោះសមត្ថកិច្ចមូលដ្ឋានមិនហានចាត់ការឡើយ។
បច្ចុប្បន្ន ករណីនេះ អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ កំពុងពិនិត្យចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់