កំពង់ចាមៈ ស្នងការដ្ឋាននបាលខេត្តកំពង់ចាម នាពេលថ្មីៗនេះបានទទួលនូវការកោតសរសើរពីថ្នាក់ដឹកនាំនៃអគ្គស្នងការនគរបាលជាតិ ថាជាខេត្តគំរូ ព្រមទាំងឲ្យខេត្តដ៏ទៃទៀតរៀនសូត្រតាម អំពីការពង្រឹងការងារប៉ុស្តិ៍នគរបាលរដ្ឋបាល។ នេះជាមោទនភាពមួយសម្រាប់ស្នងការនគរបាលខេត្តកំពង់ចាម ហើយក៏ជាមោទនភាពសម្រាប់មន្រ្តីនគរបាលក្នុងខេត្តកំពង់ចាមទាំងមូលផងដែរ។
ការទទួលបាននូវការកោតសរសើរនេះ គឺមិនបានកើតឡើងដោយភាពចៃដន្យទេ គឺកើតឡើងដោយសារការខិតខំប្រឹងប្រែងរបស់មន្រ្តីនគរបាលទូរទាំងខេត្ត ជាពិសេសគឺក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម ដែលលោកតែងតែងដាក់នូវវិធានការ ក៏ដូចជាផែនការច្បាស់លាស់ដល់មន្រ្តីក្រោមឱវាទ។
ជាក់ស្តែង ដើម្បីពង្រឹងការងារកិច្ចការប៉ុស្តិ៍ឲ្យកាន់តែប្រសើរថែមទៀត នាព្រឹកថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅសាលប្រជុំធំស្នងការដ្ឋាននគរបាលខេត្ត បានប្រារព្ធពិធីផ្សព្វផ្សាយណែនាំ ការធ្វើសម្រង់ព័ត៌មានអំពីបញ្ហាបទល្មើស ដែលជាក្តីកង្វល់នៅមូលដ្ឋាន តាមផែនការរបស់អគ្គស្នងការនគរបាលជាតិសហការជាមួយគម្រោងCPIក្នុងយន្តការអនុវត្តន៍ការងារនគរបាល និងសហគមន៍ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ស្នងការស្តីទីនិងជាប្រធានសេនាធិការ លោកវរសេនីយ៍ឯក សាន សុភា ស្នងការរងទទួលផែនគ្រប់គ្រងធនធានមនុស្ស និងមានការចូលរួមពីលោក អនុប្រធានសេនាធិការដ្ឋាន លោកនាយ ការិយាល័យជំនាញចំណុះផែនសេនាធិការដ្ឋាន មន្ត្រីការិយាល័យកិច្ចការប៉ុស្តិ៍ និងបណ្តុះបណ្តាល លោកអធិការ អធិការរងទទួលផែនសេនាធិការ (ទទួលការងារប៉ុស្តិ៍រដ្ឋបាល)នាយផ្នែកសេនាធិការគ្រប់ស្រុកក្រុងទាំង១០ និងលោកនាយ នាយរងប៉ុស្តិ៍ទាំង១០៩ សរុបចំនួន២៦៥នាក់។
ជាកិច្ចចាប់ផ្តើម លោកឧត្តមសេនីយ៍ត្រី ហេង សម្បត្តិ ដែលជាគ្រូបង្រៀនក្នុងពិធីផ្សព្វផ្សាយណែនាំការធ្វើសម្រង់ព័ត៌មានបានមានសំណូមពរឲ្យអស់លោក លោកស្រីឲ្យយកចិត្តទុកដាក់ស្តាប់ការពន្យល់ពីការបញ្ជូលទិន្នន័យក្នុងតារាងទាំង៤ លោកបានសួរដេញដោលទៅលោកអធិការ អធិការរង លោកនាយ នាយរងប៉ុស្តិ៍អំពីបទល្មើសដែលតែងតែកើតមាននិងជាក្តីកង្វល់នៅមូលដ្ឋានរបស់ខ្លួន ព្រមទាំងបានបើកឲ្យមានការសួរសំនួរដើម្បីបញ្ចាក់ឲ្យច្បាស់ថា លោក លោកស្រី ដែលបានចូលរួមទាំងអស់បានយល់និងអាចយកទៅអនុវត្តនៅតាមមូលដ្ឋានរបស់ខ្លួនបាន។
កម្មវិធីនេះត្រូវបានបញ្ចប់នៅវេលាម៉ោង១១និង៣០នាទីព្រឹក ប្រកបដោយភាពស្និទ្ធស្នាលបំផុត៕
មតិយោបល់