ភ្នំពេញៈ លោក ស្រី Marie Odile Emond អ្នកតំណាងប្រព័ន្ធសហប្រជាជាតិប្រចាំកម្ពុជា បានថ្លែងថា “គិតចាប់ពីឆ្នាំ២០០៦កម្ពុជា បានបញ្ជូនកម្លាំងជំនាញលើគ្រប់វិស័យសរុបចំនួន៣៩៦០នាក់ ក្នុងនោះមាននារីចំនួន១៤៦នាក់ ទៅកាន់ប្រទេសផ្សេងៗរួមទាំងប្រទេសស៊ីព្រ ក្នុងការចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ពិភពលោក បានធ្វើឱ្យកម្ពុជាក្លាយជាប្រទេសបរិច្ចាគជាប់ចំណាត់ថ្នាក់ទី៣នៅក្នុងសហគមន៍អាស៊ាន”។
ការថ្លែងយ៉ាងដូច្នេះ បានធ្វើឡើងនៅក្នុងឱកាសជូនដំណើរកងវិស្វកម្មលេខ៤៥៩ ជាង២០០នាក់ទៅចូលរួមបេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នាថ្ងៃទី០២ខែវិច្ឆិកាឆ្នាំ២០១៦នេះ។
លោកស្រីបានរំលឹកថា កាលពី២ទស្សវត្សមុន កងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ(UN) ត្រូវបានបញ្ជូនមកកាន់កម្ពុជា ប៉ុន្តែបច្ចុប្បន្ន ប្រទេសកម្ពុជា បានបញ្ជូនកងកម្លាំងនិងអ្នកជំនាញការរបស់ខ្លួនទៅចូលរួមប្រតិបត្តិការរក្សាសន្តិភាពក្នុងប្រទេសស៊ូដង់ ស៊ូដង់ខាងត្បូង សាធារណរដ្ឋអាហ្រ្វិកកណ្តាល ឆាដ ស៊ីរី លីបង់ និងម៉ាលី។
លោកស្រីបញ្ជាក់ថា លើសពីនេះកម្ពុជាផ្តល់ការគាំទ្រដល់កិច្ចសហប្រតិបត្តិការ សន្តិភាពរបស់អង្គការសហប្រជាជាតិ ក្នុងការដោះស្រាយជម្លោះដែលមានភាពស្មុក្រស្មាញ ដើម្បីការពារជនស៊ីវិល ដែលជាភារកិច្ចដ៏មានសារសំខាន់បំផុត ក៏ដូចជាឆ្លើយតបនិងទស្សនទានសម្រាប់របៀបវារៈឆ្នាំ២០៣០ ស្តីពីការអភិវឌ្ឍជានិរន្តរភាព ដែលត្រូវបានឯកភាពពីគ្រប់រដ្ឋជាសមាជិករបស់ UN រួមទាំងកម្ពុជា ដែលថា “មិនមានការអភិវឌ្ឍន៍ជានិរន្តរភាពដែលគ្មានសន្តិភាព ហើយក៏មិនមានសន្តិភាពដែលគ្មានការអភិវឌ្ឍន៍ជានិរន្តរភាពនោះដែរ”៕
មតិយោបល់